ភ្នំពេញក្រោន ប្ដេជ្ញាយកឈ្នះបឹងកេត ដើម្បីប្រជែងកៅអី Top-5

មាស សុផាណារ៉ុង July 7, 2019


 

ភ្នំពេញ៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្ដោះអាសន្នក្លឹបភ្នំពេញក្រោន រួមជាមួយកូនក្រុម បានធ្វើការប្ដេជ្ញានឹងព្យាយាមដណ្ដើម ៣ពិន្ទុពីក្រុមបឹងកេតឲ្យបាន ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១៤ នាថ្ងៃទី០៧ ខែកក្កដានេះ នៅកីឡដ្ឋាន Smart RSN ដើម្បីប្រជែងកៅអី Top-5 បណ្ដោះអាសន្ន។

បច្ចុប្បន្នបឹងកេត កំពុងឈរលេខរៀងទី៤ និងមាន ២៦ពិន្ទុ មានប្រៀបជាងក្រុមភ្នំពេញក្រោន ២ពិន្ទុ ក្រោយចប់ជុំទី១។ ដូច្នេះជំនួបចុងសប្ដាហ៍នេះ ពិតជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ដែលទាមទាឈ្នះរៀងៗខ្លួន ដើម្បីរក្សាចំណាត់ថ្នាក់ល្អ ក្នុងតារាងពិន្ទុ ពិសេសក្រុមភ្នំពេញក្រោន ដែលកំពុងឈរលេខរៀងទី៦។

លោក ស៊ុំ វណ្ណា បានបញ្ជាក់ថា៖ «ជាធម្មតាការលេងក្នុងដី យើងតែងតែខំប្រឹង ហើយប្រកួតនេះ បឹងកេតគាត់យកទីលានយើងធ្វើម្ចាស់ផ្ទះ ចឹងដូចជាប្រកួតក្នុងដីដែរ ចឹងយើងត្រូវខំប្រឹងយកលទ្ធផលឲ្យល្អ ទោះគូប្រកួតយើងស្ថិតក្នុងកម្រិតណាក៏ដោយ គឺយើងត្រូវការ ៣ពិន្ទុឲ្យបាន ដើម្បីឡើងលើបឹងកេតវិញ តែបើយើងចាញ់ មានន័យថា បឹងកេត នៅតែឈរលើយើង»។

អតីតគ្រូបង្វឹកក្លឹបវេស្ទើនភ្នំពេញដដែល បន្ថែមថា បឹងកេត គឺជាក្រុមមួយល្អ មានធនធានកីឡាករល្អៗច្រើន ដូចជា Gbenga, Julius និង ចាន់ វឌ្ឍនាកា ជាដើម។ ប៉ុន្ដែយ៉ាងណា លោកនៅតែមានការជឿជាក់ខ្ពស់លើកូនក្រុមរបស់ខ្លួន ទោះបីភ្នំពេញក្រោន មានការចូលរួមកីឡាករថ្មី ហើយមានពេលខ្លី សម្រាប់ការហ្វឹកហាត់ក៏ដោយ។

លោកបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំអត់ដែលលើកតម្កើនកីឡាករគេល្អជាងកីឡាកររបស់ខ្ញុំទេ ជារឿយៗក្មេងនៅភ្នំពេញក្រោននេះ ពួកគាត់មានសមត្ថភាព ហើយក្មេងមួយចំនួនធំ គាត់បានជាប់ជម្រើសជាតិ អច្ចឹងកម្រិតកីឡាករខ្មែរ គឺអាចប្រហាក់ប្រហែលគ្នា ឬលើសខ្វះគ្នាតិចតួច គ្រាន់តែគុណភាពផ្សេងៗគ្នា ទៅតាមលក្ខខណ្ឌនៃការអភិវឌ្ឍន៍។ តែខ្ញុំ គឺធម្មតា មិនសូវផ្ដោត ដោយសារខ្ញុំជឿជាក់លើកីឡាកររបស់ខ្ញុំ»។

គួររំលឹកផងដែរថា កាលពីជើងទី១ ភ្នំពេញក្រោន បានចាញ់បឹងកេត ៣ទល់២ ក្នុងដី ប៉ុន្ដែជើងទី២ ការប្រកួតនឹងធ្វើឡើង នៅទឹកដី Smart RSN របស់ភ្នំពេញក្រោនដដែល បន្ទាប់ពីបឹងកេត ស្នើយកកីឡដ្ឋាននេះធ្វើជាទឹកដី ដ្បិតកីឡដ្ឋានរបស់ខ្លួន ធ្វើមិនទាន់រួច។

ប្រកួតនេះដែរ បើសិនភ្នំពេញក្រោនឈ្នះ ពួកគេអាចឡើងឈរលេខ៥ ឬលេខ៤ ទៅតាមលទ្ធផលជាក់ស្ដែង ព្រោះវិសាខា ឈរលេខរៀងទី៥ ក៏មាន ២៥ពិន្ទុ តែបើភ្នំពេញក្រោនចាញ់ ពួកគេក៏ប្រឈមធ្លាក់ក្រោមលេខរៀងទី៦ ដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់