គ្រូបឹងកេត ថាការប្រកួតទល់នឹងភ្នំពេញក្រោន កូនក្រុមចំណាយកម្លាំងច្រើន

មាស សុផាណារ៉ុង July 8, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លឹបបាល់ទាត់បឹងកេត លោក ហៅ សុជាតិ ថាការប្រកួតទល់នឹងភ្នំពេញក្រោន កូនក្រុមចំណាយកម្លាំងច្រើន។ ថ្លែងបែបនេះគឺនៅក្រោយការប្រកួតស្មើ ភ្នំពេញក្រោន ក្នុងជំនួបបើកជុំទី២ រដូវកាល២០១៩ នៃលីគកំពូលកម្ពុជា កាលពីយប់មិញ។

លោក ហៅ សុជាតិ បានលើកឡើងថា៖ «ការប្រកួតថ្ងៃនេះ យើងគិតថាជាការប្រកួតមួយដែលវាតាន់តឹងមែនទែនសម្រាប់យើង ហើយវាក៏ជាការប្រកួតដែលយើងចំណាយកម្លាំងខ្លាំងមែនទែន ២ប្រកួតកន្លងៗមក ដោយសារថ្ងៃនេះយើងត្រូវកីឡាករពិន័យតាំងពីចុងតង់ទី១ អច្ចឹងយើងគិតថាការប្រកួតគឺតាន់តឹង និងចំណាយកម្លាំងច្រើន។»

និយាយអំពីក្រុមរបស់លោកវិញ ជុំវិញការទទួលបានកាតក្រហមលោកបានលើកឡើងបន្ថែមថា៖ «យើងមិនអាចនិយាយមុនថាយើងទទួលបានជ័យជម្នះឡើយ ប៉ុន្តែបើយើងមិនទទួលកាតក្រហម យើងគិតថាលទ្ធផលនឹងល្អជាងនេះ»។ 

លោក ហៅ សុជាតិ កាលពីដឹកនាំបឹងកេត ជួបភ្នំពេញក្រោន ជើងទី១ 

រំលឹកដល់ជំនួបធំប្រចាំសប្តាហ៍ទី១៤ នាកីឡដ្ឋាន RSN ភ្នំពេញក្រោន បានបើកការនាំមុខតាំងពីនាទី៦ ជាការធ្វើឲ្យចូលទីដោយខ្លួនឯងដោយកីឡាករ ហុង ផេង រហូតដល់នាទី១៤ ខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា មុននឹងវឌ្ឍានាកា ដដែលរកគ្រាប់នាំឲ្យបឹងកេត វិញនៅនាទី២៤ ប៉ុន្តែ ​Booysen Shane តាមស្មើឲ្យភ្នំពេញក្រោន វិញនៅនាទី៣១ និងរក្សាលទ្ធផលបញ្ចប់វគ្គទី១ ២ទល់២។

វគ្គទី២ ភ្នំពេញក្រោន អាចរកគ្រាប់បាល់បន្ថែមភ្លាមៗ នាំមុខវិញដោយកីឡាករ Dzarma Bata នៅនាទី៤៨ ប៉ុន្តែបឹងកេត តាមស្មើបានវិញភ្លាមៗនៅនាទី៤៩ ដោយ Julius Oiboh ហើយ Julius Oiboh ដដែលបន្ថែមគ្រាប់ទី៤ ឲ្យបឹងកេត នៅនាទី៦៣ នាំមុខវិញម្ដង រហូតដល់នាទី៧៥ ម៉ៅ ពិសិដ្ឋ រកគ្រាប់តាមស្មើ ហើយបានរក្សាលទ្ធផលបែបនេះរហូតដល់បញ្ចប់ការប្រកួត។

បឹងកេត បច្ចុប្បន្នកំពុងឈរនៅលេខ៥ មាន២៧ពិន្ទុ និងប្រកួតបន្ទាប់ត្រូវប៉ះជាមួយ អគ្គីសនីកម្ពុជា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់