អតីតសមាជិកភ្នំពេញក្រោន កីឡាករកូនកាត់ខ្មែរបារាំង ចូលរួមជាមួយខេត្តកំពង់ចាម ដោយស្ម័គ្រចិត្ត

មាស សុផាណារ៉ុង July 5, 2019


 

កំពង់ចាម៖ អតីតសមាជិករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន កីឡាករកូនកាត់ខ្មែរបារាំង ពេជ្រ អូវែន ជាមួយ សំ ថូម៉ាស ( Thomas Sam Sochenn ) បានចសម្រេចចូលរួមជាមួយ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម ជាផ្លូវការហើយបន្ទាប់ពីពុំជោគជ័យជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលរួចមក។

តាមការបញ្ជាក់ដោយមន្ត្រីរបស់ក្លឹប ពេជ្រ អូវែន ជាមួយ សំ ថូម៉ាស ( Thomas Sam Sochenn ) នឹងចូលរួមជាមួយកំពង់ចាម ដើម្បីត្រៀមប្រកួតនៅជុំទី២ នៃលីគកំពូលកម្ពុជា បូករួមជាមួយកីឡាករម្នាក់ទៀត ឈ្មោះថា ផាត រដ្ឋា ផ្ទេរពីក្លឹបគីរីវង់សុខសែនជ័យ និងចូលរួមជាមួយក្លឹបដោយស្ម័គ្រចិត្ត។

គួរដឹងដែរថា ពេលរួមរស់ជាមួយភ្នំពេញក្រោន សំ ថូម៉ាស ( Thomas Sam Sochenn ) មិនដែលបង្ហាញខ្លួនសូម្បីតែម្ដងឡើយជាមួយក្លឹប ស្របពេលដែល ពេជ្រ អូវែន បង្ហាញខ្លួនបានតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមនោះ ១ប្រកួតត្រូវបានផ្លាស់ប្ដូរចូល។

សូមបញ្ជាក់ថា កីឡាករថ្មីទាំង ៣រូបនេះ គឺជាកម្លាំងបន្ថែមដែលនាំចូលមកជួយសម្រាប់ជើងទី២ បន្ទាប់ពីបាននាំចូលកីឡាករចំនួន ៤រូបបន្ថែមរួមមាន កីឡាករ Nwankwo Chika Junior មានសញ្ជាតិនីហ្សេរីយ៉ា, កីឡាករ Shoya Aso សញ្ជាតិជប៉ុន, កីឡាករ Jean Bertand Cheick Ismael Toa សញ្ជាតិកូតឌីវ័រ និងកីឡាករសញ្ជាតិហ្គាណា ឈ្មោះថា Emmanuel kwesi Adu។

សមាជិកថ្មីទាំង ៧រូបនេះ នឹងអាចបង្ហាញខ្លួនបាននៅលីគកំពូលកម្ពុជា ចាប់ពីជើងទី២ តទៅ ពោលគឺនៅសប្ដាហ៍ទី១៤។ ពួកគេនឹងចូលមកស្រោចស្រង់ស្ថានការណ៍ក្រុមដែលបច្ចុប្បន្នកំពុងស្ថិតនៅបាតតារាងនៃលីគ ដោយប្រកួត ១២ប្រកួតកន្លងមក ឈ្នះតែ១ ប្រកួតគត់ និងចាញ់ ១១ប្រកួត ហើយរបូតគ្រាប់បាល់ដល់ទៅ ១១៤គ្រាប់ ពុំធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនៃលីគកំពូលកម្ពុជា៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ណារ៉ុង

មតិយោបល់