កំណត់ត្រាសំខាន់ៗ ត្រឹមជុំទី១ នៃលីគកំពូលកម្ពុជា មុនជុំទី២ ឈានមកដល់ស្អែកនេះ

មាស សុផាណារ៉ុង July 5, 2019


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩ ដែលមានក្រុមចំនួន ១៤ចូលរួមប្រកួត បានបញ្ចប់ការប្រកួតជុំទី១ ជាផ្លូវការ និងបន្តត្រៀមប្រកួតជុំទី២ ចាប់ពីស្អែកនេះតទៅ ខណៈមុនជុំទី២ មកដល់ សូមរំលឹកកំណត់ត្រាសំខាន់ៗ មួយចំនួនដែលមមានដូចខាងក្រោម។

  • ក្រុមមិនស្គាល់ពាក្យថាចាញ់៖

ព្រះខ័នរាជស្វាយរៀង បានក្លាយជាទៅជាក្រុមតែមួយគត់នៅរដូវកាល២០១៩ នេះ ដែលប្រកួតនៅជុំទី១ មិនដែលរងបរាជ័យទាល់តែសោះ ពោលគឺប្រកួត ១៣ដង ឈ្នះ១០ និងស្មើ៣ ខណៈ១៣ក្រុមផ្សេងទៀត សុទ្ធតែមានរងបរាជ័យចាប់ពី ២ឡើងទៅ។

  • ក្រុមដែលរក្សាកំណត់ត្រាឈ្នះជាប់ៗគ្នាបានយូរជាងគេ៖

ណាហ្គាវើលដ៍ គឺជាក្រុមដែលរក្សាកំណត់ត្រាឈ្នះជាប់ៗគ្នាបានយូរជាងគេ ពោលគឺ ណាហ្គាវើលដ៍ អាចរកជ័យជម្នះបានដល់ទៅ ៧ដងជាប់ៗគ្នា ពីអំឡុងសប្ដាហ៍ទី៣ ដល់សប្ដាហ៍ទី៩ បើធៀបទៅនឹងក្រុមដទៃទៀត គឺមានព្រះខ័នរាេជស្វាយរៀង ជាមួយភ្នំពេញក្រោន ដែលឈ្នះបានត្រឹម ៥ដងជាប់ៗគ្នា។

  • ក្រុមដែលចាញ់ច្រើនជាងគេ៖

ក្លឹបបាល់ទាត់ខេត្តកំពង់ចាម ជាមួយយុវជនសាលាបាល់ទាត់ជាតិបាទី បានក្លាយទៅជាក្រុមដែលនៅរដូវកាលនេះរងបរាជ័យច្រើនជាងគេ ពោលគឺក្នុងចំណោម ១៣ប្រកួត ក្រុមទាំង២ ឈ្នះតែម្ដងដូចគ្នា ខណៈ ១២លើកផ្សេងទៀតរងបរាជ័យទាំងអស់។

  • ក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ និងតិចជាងគេ៖

ណាហ្គាវើលដ៍ គឺត្រូវបានចូលក្នុងកំណត់ត្រាជាក្រុមរកគ្រាប់បាល់បានច្រើនជាងគេ ពោលគឺពីការប្រកួត១៣ដង ក្រុមនេះអាចរកគ្រាប់បាល់បានដល់ទៅ ៤៦គ្រាប់ ស្របពេលដែលក្រុមរកគ្រាប់បាល់បានតិចជាងគេវិញ គឺក្លឹបបាល់ទាត់ខេត្តកំពង់ចាម ដែលអាចរកគ្រាប់បាល់បានតែ ៥គ្រាប់ប៉ុណ្ណោះក្នុងចំណោម ១៣ប្រកួត។

  • ក្រុមរបូតគ្រាប់តិចជាងគេ និងក្រុមរបូតគ្រាប់បាល់ច្រើនជាងគេ៖

ព្រះខ័នរាជស្វាយរៀង នៅជុំទី១ នេះគឺត្រូវបានចាត់ទុកថាជាក្រុមរបូតគ្រាប់បាល់តិចជាងគេ ពោលគឺចាប់តាំងពីចាប់ផ្ដើម ក្រុមនេះរបូតតែ ៨គ្រាប់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ក្រុមដែលរបូតគ្រាប់បាល់ច្រើនជាងគេ គឺខេត្តកំពង់ចាម ដោយ ១៣ប្រកួត របូតរហូតដល់ទៅ ១៣១គ្រាប់ ហើតត្រូវបានកត់ចូលជាកំណត់ត្រាក្រុមដំបូងគេក្នុងលីគចាប់តាំងពីបង្កើតដែលរបូតគ្រាប់បាល់ច្រើនគេ បើធៀបទៅនឹង បក្សីចាំក្រុង ដែលស្ថិតក្នុងកំណត់ត្រាចាស់ របូត ១២០គ្រាប់ កាលពីឆ្នាំ២០០៧។

  • កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖

កីឡាករកម្ពស់ខ្ពស់ និងមាឌធំរប់អង្គរថាយហ្គឺរ Okereke Timothy បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ក្នុងជុំទី១ នេះដោយអាចរកគ្រាប់បាល់បាន ១៦គ្រាប់ ក្នុងចំណោមនៃការបង្ហាញខ្លួនរបស់គេទាំង ១៣លើក និងលើសកីឡាករលេខរៀងទី២ Dzarma Bata, Esoh Paul Omogba, Befolo Mbarga Privat និង Paulo Victor ដែលរកបាន ១៣គ្រាប់។

  • កីឡាករបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ( Assists ) បានច្រើនជាងគេ៖

គិតត្រឹមជុំទី១ នេះគឺមានដល់ទៅ៣ នាក់រួមមាន កីឡាករ Gbenga Samuel របស់បឹងកេត, Joichiro Sugiyama របស់អង្គរថាយហ្គឺរ និង ប្រាក់ មុន្នីឧត្តម របស់ព្រះខ័នរាជស្វាយរៀង ដោយធ្វើបាន ៨ដងស្មើគ្នា។

  • អ្នកចាំទីរក្សាសំណាញ់ទីមិនឲ្យរបូតបាល់បានច្រើនជាងគេ៖

អ្នកចាំទីមកពីក្លឹបណាហ្គាវើលដ៍ កីឡាករ ស៊ូ យ៉ាទី បានក្លាយអ្នកចាំទីរក្សាសំណាញ់ទីមិនឲ្យរបូតបាល់ ( Clean-Sheet ) បានច្រើនជាងគេនៅជុំទី១ នៃលីគ ពោលគឺអាចរក្សាបាន ៨ដង ច្រើនជាងលើអ្នកទី២ កីឡាករ អាំ សុវណ្ណារ៉ាត ដែលធ្វើបានតែ ៦ដង។

  • ប្រកួតដែលមានគ្រាប់បាល់ច្រើនជាងគេ៖

ការប្រកួតរវាង ភ្នំពេញក្រោន ជាមួយ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម គឺជាប្រកួតដែលមានគ្រាប់បាល់ច្រើនជាងសម្រាប់ក្រុមទាំងសងខាង ពោលគឺ ១៩គ្រាប់ ដោយក្នុងនោះ ១៧គ្រាប់រកបានដោយ ភ្នំពេញក្រោន និង ២គ្រាប់រកបានដោយកំពង់ចាម។ ប្រកួតដែលមានគ្រាប់បាល់ច្រើន ទី២ គឺណាហ្គាវើលដ៍ ជាមួយ កំពង់ចាមដដែល ដោយណាហ្គាវើលដ៍ ឈ្នះ ១៨ទល់០។

  • ជ័យជម្នះដែលធំធេងជាងគេ៖

ជ័យជម្នះដែលត្រូវបានចាត់ទុកថា ធំធេងជាងគេ នៅជុំទី១ នៃលីគគឺការប្រកួតរវាង ណាហ្គាវើលដ៍ ជាមួយ កំពង់ចាមដដែល ដោយណាហ្គាវើលដ៍ ឈ្នះ ១៨ទល់០។

  • កីឡាករទាត់បញ្ចូលទីលឿនជាងគេ៖ 

កីឡាករ ដាវ នឹម របស់ក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យ បានក្លាយជាកីឡាកររកគ្រាប់បាល់បានលឿនជាងគេនៅក្នុងលីគ ពោលគឺរកគ្រាប់បាល់បាន នៅនាទី១ ( វិនាទី៣២ ) នៅក្នុងជំនួបជាមួយ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម សប្ដាហ៍ទី១២។

  • ប្រកួតដែលមានអ្នកចូលទស្សនាច្រើនជាងគេ៖ 

ការប្រកួតរវាង អង្គរថាយហ្គឺរ ជាមួយ ក្លឹបបាល់ទាត់វិសាខា កាលពីជំនួបសប្ដាហ៍ទី៥ ត្រូវបានកត់ត្រាថាមានអ្នកចូលទស្សនាច្រើនជាងគេនៅលីគកំពូលកម្ពុជា រដូវកាលនេះ ក្នុងជុំទី១ ពោលគឺមានចំនួនអ្នកចូលរួមទស្សនាប្រមាណ ៤,៣០០នាក់។

សូមបញ្ជាក់ថា ការប្រកួតជុំទី២ និងចាប់ផ្ដើមពីថ្ងៃស្អែកនេះតទៅ ដោយមានការប្រកួតដូចខាងក្រោម៖

 

រូបភាព៖ លីគកំពូលកម្ពុជា – Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់