ពាក្យមួយឃ្លាលើអាវ ម៉ាត់ណូរ៉ូទីន កំពុងអង្រួនបេះដូងអ្នកគាំទ្រវិសាខា និងចង់ឲ្យគ្រូបង្វឹកត្រឡប់ទៅវិញ

មាស សុផាណារ៉ុង July 5, 2019


 

ភ្នំពេញ៖ «We here Ready You Back» ជាពាក្យមួយឃ្លាត្រូវបានកីឡាករ សារី ម៉ាត់ណូរ៉ូទីន សរសេរលើអាវ និងបង្ហាញអំឡុងជួយក្រុមឈ្នះក្រុនគរបាលជាតិ ៦ទល់០ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ កាលពីម្សិលមិញ កំពុងអង្រួនបេះដូងអ្នកគាំទ្រវិសាខា ជាខ្លាំងដ្បិតពួកគេចង់ឲ្យគ្រូបង្វឹកលោក ហុក សុជីវ័ន ត្រឡប់ទៅដឹកនាំក្រុមវិញ។

ជាមួយការសរសេរជាភាសាអង់គ្លេសលើអាវរបស់ខ្លួននេះដែរ ត្រូវបាន សារី ម៉ាត់ណូរ៉ូទីន បានបញ្ជាក់ពីអត្ថន័យ និងគោលបំណងថា «ពួកយើងនៅទីនេះ គឺបានត្រៀមរង់ចាំអ្នកត្រឡប់មកវិញ»។ អតីតកីឡាករណាហ្គាវើលដ៏រូបនេះ បន្ថែមថា ដោយសារខ្លួន កីឡាករដទៃ ក៏ដូចជាអ្នកគាំទ្រផងដែរ មិនអាចទទួលយកបានភ្លាមៗ ជុំវិញការចាកចេញរបស់ លោក ហុក សុជីវ័ន ទើបខ្លួនសរសេរពាក្យមួយឃ្លានេះ និងចង់ឲ្យលោកត្រឡប់មកវិញ។

ម្ចាស់អាវលេខ ២០ រូបនេះបន្ដថា៖ «សម្រាប់ខ្ញុំ គាត់ជាមនុស្សយុត្តិធម៌ និងជាអ្នកដឹកនាំល្អម្នាក់ ដែលតែងរកភាពយុត្តិធម៌សម្រាប់កីឡាករទាំងអស់ ហើយគាត់ក៏ជាកម្លាំងចិត្តមួយដ៏ធំ សម្រាប់កីឡាករទាំងអស់ផងដែរ។ ពួកខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់ ក្រោយលឺដំណឹងអញ្ចឹង ព្រោះថាភ្លាមៗពេក ហើយក៏ប៉ះពាល់ដល់អារម្មណ៍ពួកខ្ញុំដែរ ចឹងពួកខ្ញុំចង់ឲ្យគាត់ត្រឡប់មកវិញ។ និយាយរួមកីឡាករទាំងអស់ និងអ្នកគាំទ្រ ចង់បានគាត់មកវិញ មកកាន់តំណែងគាត់វិញ»។

គួរដឹងថា ប៉ុន្មានថ្ងៃមកនេះបន្ទាប់ពីវិសាខា បញ្ចប់កុងត្រាគ្រូបង្វឹក លោក ហុក សុជីវ័ន គេឃើញមានកីឡាករមួយចំនួន រួមទាំងអ្នកគាំទ្រជាច្រើន បានប្រតិកម្មដោយមិនសប្បាយចិត្ត ចំពោះការសម្រេចចិត្តរបស់ក្លឹប ជាក់ស្ដែងបន្ទាប់ពី សារី ម៉ាត់ណូរ៉ូទីន បញ្ចេញពាក្យមួយឃ្លាលើអាវខាងលើ មានអ្នកគាំទ្រជាច្រើន បានយករូបភាពនោះ ទៅបង្ហោះ និងចែកចាយបន្ដលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយខ្លឹមសារចង់ឲ្យ លោក ហុក សុជីវ័ន ត្រឡប់ទៅដឹកនាំវិសាខាបន្ដផងដែរ។

ក្រៅពីកីឡាករខ្មែរ និងអ្នកគាំទ្រ សូម្បីកីឡាករបរទេស ក៏ចង់បានដូច្នេះដែរ ដូចជាកីឡាករកូរ៉េខាងជើង Pak Song Chol ជាដើម ដែលចង់ឃើញលោក ហុក សុជីវ័ន ត្រឡប់ទៅវិញ គ្រាដែលពួកគេកំពុងរង់ចាំហ្វឹកហាត់ជាមួយគ្នាជាដើម។ ខ្សែបម្រើស្នូលរបស់វិសាខារូបនេះ ហាក់មានប្រតិកម្មខ្លាំងជាងគេ ចំពោះការចាកចេញរបស់ លោក ហុក សុជីវ័ន រហូតគេបានបង្ហាញអារម្មណ៍ឈឺចាប់ជាបន្ដបន្ទាប់ ក្រោយវិសាខា ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកខាងលើទៀតផង៕

 

អត្ថបទ៖ បុត្រា

មតិយោបល់