គីរីវង់ ចែកផ្លូវកីឡាករជប៉ុនចាស់វស្សា Ota និងបន្ថែមសមាជិកបរទេសថ្មី ២រូប

មាស សុផាណារ៉ុង July 5, 2019


 

តាកែវ៖ ស្របពេលដែលទីផ្សារដោះដូរកីឡាករនៅលីគកំពូលកម្ពុជា សម្រាប់ជើងទី២ បានបិទទៅហើយ ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសពីការនាំចូលកីឡាករបរទេសថ្មីពីររូប ក៏ដូចជាបញ្ចប់កិច្ចសន្យាជាមួយកីឡាករជប៉ុនចាស់វស្សា Ota ផងដែរ។

សមាជិកបរទេសថ្មីទាំង២ ដែលក្រុម​មានមូលដ្ឋាននៅខេត្តកែវ នាំយកមករួមក្រុម គឺកីឡាករ Coulibaly Major Bangaly ជនជាតិកូឌីវ័រ​លេងតំណែងខ្សែប្រយុទ្ធ​ និងកីឡាករជប៉ុន Taku Yanagidate លេងក្នុងតំណែងការពារ ដែលផ្ទេរមកពីក្រសួងការពារជាតិ​។

ចំពោះកីឡាករ Coulibaly Major Bangaly ត្រូវបានដឹងថាជាកីឡាករដែលធ្លាប់ប្រកបអាជីពនៅប្រទេសថៃ ក្លឹបចុងក្រោយដែលរូបគេប្រកបអាជីពជាមួយគឺក្លឹប Khon Kaen United នៅលីគទី៣ថៃ។

ស្របពេលជាមួយគ្នាផងនេះ ក្លឹបដែលកំពុងឈរនៅលេខ១១ ក្នុងលីគមួយនេះ ក៏បានប្រកាសពីការចែកផ្លូវគ្នាជាមួយកីឡាករជប៉ុនជើងចាស់ Takihito Ota ផងដែរ បន្ទាប់ពីចូលរួមបានកន្លះរដូវកាល បង្ហាញខ្លួនបាន ១០ប្រកួត និងទាត់បញ្ចូលទីបាន ១គ្រាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា គីរីវង់សុខសែនជ័យ បាននាំចូលកីឡាករបន្ថែមនេះគឺដើម្បីមកបំពេញបន្ថែមចន្លោះខ្វះខាត ខណៈក្រុមនេះបច្ចុប្បន្នកំពុងឈរនៅលេខ១១ ក្នុងលីគ ក្រោយប្រកួត ១៣ដង ឈ្នះ៤ មិនដែលស្មើ និងចាញ់៩ មាន១២ពិន្ទុ។ សប្ដាហ៍បន្ទាប់ គីរីវង់សុខសែនជ័យ នឹងត្រូវជួប ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ៕

 

រូបភាព៖ Kirivong Sok Sen Chey FC | លីគកំពូលកម្ពុជា – Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់