មកដឹងសមត្ថភាព អតីតកីឡាករជួយឲ្យក្លឹបមួយឡើងលីគកំពូលហ្វាំងឡង់ ដែលទើបចុះហត្ថលេខាអង្គរថាយហ្គឺរ

មាស សុផាណារ៉ុង July 4, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានធ្វើការប្រកាសនាំចូលកីឡាករថ្មីដើម្បីត្រៀមប្រកួតនៅជើងទី២ នៃលីគកំពូលកម្ពុជា ជាផ្លូវការហើយ ពោលគឺជាកីឡាករជួយឲ្យក្លឹប HIFK Fotboll ឡើងលីគកំពូលហ្វាំងឡង់ ពិតប្រាកដដូចព័ត៌មានបែកធ្លាយ។

កីឡាករសញ្ជាតិអេស៉្បាញ មានឈ្មោះថា Nando Cózar បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ និងលេងក្នុងតួនាទីជាខ្សែបម្រើកណ្ដាល ជាមួយកម្ពស់ដ៏ខ្ពស់ ១,៨៨ម៉ែត្រ។

កីឡាកររូបនេះត្រូវបានសង្គេតឃើញថា មានភាពបិនប្រសប់នៅក្នុងការញ្ញាក់បាល់ ជាពិសេសក៏ដូចជាការរក្សា និងគ្រប់គ្រងបាល់ជាមួយខ្លួន រួមជាមួយនឹងការបញ្ជូនបាល់ផងដែរ។

ទស្សនាវីដេអូរបស់ Nando Cózar ខាងក្រោម៖ 

បានចាប់ផ្ដើមវិវឌ្ឍន៍ខ្លួនជាកីឡាករអាជីព កាលពីឆ្នាំ២០១១ ដោយចាប់ផ្ដើមជាមួយក្លឹប Cádiz B នៅលីគលំដាប់ទី៣ អេស៉្បាញ និងបន្តប្រកបអាជីេពជាមួយក្លឹបជាច្រើនទៀតក្នុងស្រុកភាគច្រើនជាក្លឹបនៅលីគទី៣ ឬទី៤ រហូតដល់ឆ្នាំ២០១៥ ទើបចេញមកប្រកបអាជីពនៅលីគនៃប្រទេសហ្វាំងឡង់ ជាមួយក្លឹបលីគកំពូល FC Legirus Inter រហូតដល់ចុងក្រោយជាមួយក្លឹបនៅលីគទី២ HIFK Fotboll និងបានរួមចំណែកឲ្យក្រុមនេះបានកៅអីឡើងមកលីគកំពូលហ្វាំងឡង់ នារដូវកាលក្រោយផងដែរ។

សូមបញ្ជាក់ថា ការមកដល់របស់កីឡាករសញ្ជាតិអេស៉្បាញរូបនេះ គឺជាការចូលមកជំនួសតំណែងកីឡាករជប៉ុន Yudai Ogawa ហើយក៏ជាសមាជិកថ្មីតែម្នាក់គត់ដែលក្លឹបនាំចូលនៅជើងទី២ នៃលីគកំពូលកម្ពុជា៕

 

រូបភាព៖ suomifutis | elcornerdelsur

អត្ថបទ៖ ណារ៉ុង

មតិយោបល់