ណាហ្គាវើលដ៍ នាំចូលសមាជិកថ្មីជនជាតិជប៉ុនជាអតីតកីឡាកររបស់ អង្គរថាយហ្គឺរ

មាស សុផាណារ៉ុង July 4, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នេះបានធ្វើការបង្ហាញសមាជិកថ្មីជាកីឡាករជនជាតិជប៉ុន និងធ្លាប់ជាអតីតសមាជិករបស់ក្លឹបអង្គរថាយហ្គឺរ។

កីឡាកររូបនេះមានឈ្មោះថា Kawabata Yugo ជាកីឡាករជប៉ុន មានវ័យ២៥ឆ្នាំ លេងក្នុងតួនាទីជាខ្សែបម្រើ ធ្លាប់ជាសមាជិករបស់ក្លឹបអង្គរថាយហ្គឺរ កាលពីឆ្នាំ២០១៧។

កាលពីនៅជាមួយអង្គរថាយហ្គឺរ Yugo អាចរកគ្រាប់បាល់បាន ៧គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ( Assist ) បាន៥ដងផងដែរ គ្រាដែលអង្គរថាយហ្គឺរ ( កាលនោះឈ្មោះថា ខេមបូឌានថាយហ្គឺរ ) បញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៧។

Kawabata Yugo នឹងក្លាយជាសមាជិកដំបូងគេដែលណាហ្គាវើលដ៍ នាំមករួមនៅជើងទី២ នៃលីគកំពូលកម្ពុជា ហើយក៏ជាបង្រ្គប់កូតាកីឡាករបរទេសនៅក្នុងក្លឹបផងដែរ ជាមួយនឹងសមាជិកចាស់ ៤នាក់ទៀត រួមមាន Paul Omogba, Anderson Zogbe, Atuheire Kipson និង Amir Gurbani។

សម្រាប់ណាហ្គាវើលដ៍ នាពេលបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយមាន ២៨ពិន្ទុក្នុងដៃ ជាមួយនឹងការប្រកួតចំនួន ១៣ដង ឈ្នះ៩ ស្មើ១ និងចាញ់៣ តាមពីក្រោយព្រះខ័នរាជស្វាយរៀង ៥ពិន្ទុ៕

 

រូបភាព៖ ណាហ្គាវើលដ៍ – NagaWorld FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់