ភ្នំពេញក្រោន បន្ដកុងត្រាកីឡាករ ៣នាក់ និងចែកផ្លូវជាមួយកីឡាករកូនកាត់ខ្មែរ-បារាំងម្នាក់

មាស សុផាណារ៉ុង July 4, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដានេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបន្ដកុងត្រាជាមួយកីឡាករឆ្នើមវ័យក្មេង ៣រូបទៀតហើយ រួមមានកីឡាករ ប្រាក់ ធីវ៉ា, យ៉ើ សាហ្វី និង សឿត បារាំង។ ប៉ុន្ដែទន្ទឹមជាមួយការប្រកាសដំណឹងដ៏រីករាយនេះ ក្លឹបក៏បានប្រកាសចែកផ្លូវជាមួយកីឡាករកូនកាត់ខ្មែរ-បារាំង Thomas Sam Sochenn ផងដែរ។

ចំពោះកីឡាករ ប្រាក់ ធីវ៉ា, យ៉ើ សាហ្វី និង សឿត បារាំង ត្រូវបានភ្នំពេញក្រោន ប្រកាសបន្ដកុងត្រារហូតដល់ឆ្នាំ២០២២ ហើយពួកគេ គឺជាកីឡាករទី៥ ទី៦ និងទី៧ ដែលទទួលបានការបន្ដកុងត្រាដ៏ពិសេសនេះ បន្ទាប់ពីកីឡាករកើតចេញពីថ្នាលរបស់ក្លឹបភ្នំពេញក្រោន ៤រូបទៀត រួមមានកីឡាករ អ៊ន ចាន់ប៉ូលីន, ជួន ចាន់ចាវ, ម៉ៅ ពិសិដ្ឋ និងអ្នកចាំទី សាវែង សំណាង ជាដើមទើបតែបន្តកាលពីសប្ដាហ៍មុន។

ដោយឡែកកីឡាករវ័យ ២៥ឆ្នាំ Thomas Sam Sochenn ត្រូវបានក្លឹបភ្នំពេញក្រោន ប្រកាសចែកផ្លូវហើយ បន្ទាប់ពីរួមរស់ជាមួយក្លឹបបានកន្លះរដូវកាល។ ហើយក្លឹបបានបញ្ជាក់ថា «ដោយឈរលើលទ្ធផល នៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន យើងបានសម្រេចមិនលើកបង្ហាញមូលហេតុនៃការចាកចេញនេះមកបង្ហាញទាំងនោះឡើយ ហេតុនេះសូមសាធារណជន ជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន មេត្តាយោគយល់ដោយក្តីអនុគ្រោះ»។

គួរដឹងថា ក្រៅពីដំណឹងបន្ដកុងត្រា និងចែកផ្លូវជាមួយកីឡាករមួយចំនួន កាលពីពេលថ្មីៗ ភ្នំពេញក្រោន ក៏បាននាំចូលកីឡាករថ្មីៗមួយចំនួន ដើម្បីត្រៀមពង្រឹងក្រុមនាជុំទី២ ផងដែរ ដូចជាកីឡាករជម្រើសជាតិអាហ្គានីស្ថាន Mustafa Zazai, កីឡាករ Booysen Shane ត្រឡប់មកក្លឹបចាស់វិញ ក្រោយផ្ទេរពីក្លឹបនគរបាលជាតិ និងកីឡាករ Dzarma Bata ផ្ទេរពីក្លឹបក្រសួងការពារជាតិ, កីឡាករកូនកាត់ខ្មែរ-បារាំង សេង សារ៉ាវុធ និងកីឡាករ សុខ សុវណ្ណ ខ្ចីជើងពីក្លឹបវិសាខា៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់