បុរសនីហ្សេរីយ៉ាម្នាក់ បង្ហើបអនាគតប្អូនប្រុស Gbenga ជាមួយក្លឹបធំមួយ នៅកម្ពុជា

មាស សុផាណារ៉ុង July 4, 2019


 

ភ្នំពេញ៖ អតីតសមាជិកក្លឹបអាស៊ីអឺរ៉ុបយូណាយធីត Ajayi Opeyemi Korede ដែលជាប្អូនប្រុសបង្កើតរបស់កីឡាករ បឹងកេត Gbenga Samuel ត្រូវបានបុរសនីហ្សេរីយ៉ាម្នាក់ បង្ហើបថា បានផ្ទេរចូលក្លឹបធំមួយរួចរាល់ហើយ ហើយគេនឹងបង្ហាញវត្តមាននាចុងសប្ដាហ៍នេះ ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ជើងទី២ ជាមួយក្លឹបថ្មីរបស់ខ្លួនផងដែរ។

បុរសមកពីទ្វីបអាហ្រ្វិក ដោយបង្ហើបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ក្រោយឃើញសមត្ថភាព និងទេពកោសល្យដ៏ល្អរបស់ Ajayi អំឡុងពេលលេងឲ្យអាស៊ីអឺរ៉ុប កាលពីជើងទី១ ក្លឹបធំមួយ នៅកម្ពុជា ក៏បានទាក់ទងរូបគេ រហូតឈានដល់ការចុះកិច្ចសន្យា ដើម្បីបំពេញចំណុចខ្វះខាតរបស់ក្លឹប។

យ៉ាងណាមិញ លោកបានស្នើសុំមិនបញ្ចេញឈ្មោះក្លឹបឡើយ ដោយគ្រាន់តែបញ្ជាក់ថាស្ថិតនៅចន្លោះពីលេខ១ ដល់លេខ៥ នៃតារាងចំណាត់ថ្នាក់លីកនាពេលបច្ចុប្បន្ន ហើយ Ajayi នឹងបង្ហាញវត្តមានជាមួយក្លឹបថ្មី នាចុងសប្ដាហ៍នេះ។

គួរដឹងថា មុនចាកចេញពីអាស៊ីអឺរ៉ុប ប្អូនប្រុសរបស់កីឡាករ Gbenga Samuel រូបនេះ បានរួមចំណែកយ៉ាងសំខាន់ជួយក្រុមអាស៊ីអឺរ៉ុប ជាមួយការបង្ហាញវត្តមានស្ទើរគ្រប់ការប្រកួត ហើយថែមទាំងរកបាន ១០គ្រាប់ ដើម្បីជួយក្រុមឈរលេខរៀងទី៩ បណ្ដោះអាសន្ន និងមាន ១៦ពិន្ទុក្នុងដៃទៀតផង៕

ដូច្នេះចាំមើល តើក្លឹបណាមួយ ដែលកីឡាករមានបទពិសោធន៍ជោគជាំ នៅលីគថៃនេះ នឹងចូលរួមជាមួយ នៅជើងទី២ នាពេលដ៏ខ្លីខាងមុខ?

 

អត្ថបទ៖ បុត្រា

មតិយោបល់