គ្រូណាហ្គា ថាកត្ដា ៤ចំណុច នាំឲ្យក្រុមចាញ់គិរីវង់ ២ទល់០ តែរំពឹងវាយបក ៤គ្រាប់វិញ នៅជើងទី២

មាស សុផាណារ៉ុង July 4, 2019


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ ហាក់សោកស្ដាយជាខ្លាំង បន្ទាប់ពីចាញ់ក្រុមគិរីវង់សុខសែនជ័យ ២ទល់០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ កាលពីល្ងាចមិញ ហើយលោកបានបង្ហើបនូវកត្ដាមួយចំនួន នាំឲ្យក្រុមខ្លួនបរាជ័យ ប៉ុន្ដែលោករំពឹងថា នឹងអាចសងសឹកបានវិញ យ៉ាងហោច ៣ ទៅ ៤គ្រាប់ ក្នុងជើងទី២ នៅកីឡដ្ឋានស្ដាតចាស់។

ក្រោយចប់ការប្រកួតលោកបានលើកឡើងថា៖ «ថាស៊យក៏ស៊យដែរ ដោយសារឱកាសយើងតង់ទី១ ទាត់គេអត់ចូល។ ទី២ មួយភ្លេត គេទាត់ចូល ២គ្រាប់ ដោយសារយើងខ្វះការត្រៀមទុក។ សំខាន់ គឺកត្ដាទីលាន ពិបាកលេង ព្រោះមានភ្លៀង មានភក់ ពិបាកលេងមែនទែន។ ចុងក្រោយ ទាក់ទងនឹងកីឡាករ ព្រោះកីឡាករយើងខ្វះបទពិសោធន៍ខ្លាំងពេក មានន័យថា កីឡាករចូលលេង គឺគាត់បានហាត់ តែបទពិសោធន៍លេង គាត់លេងបានតិចមែនទែន»។

ប៉ុន្ដែលោកថា លោកបានត្រៀមចិត្តត្រៀមកាយជួបបញ្ហានេះហើយ ពេលលោកប្រើប្រាស់កីឡាករក្មេងខ្ចីបទពិសោធន៍ដូច្នេះ តែជើងទី២ លោកជឿជាក់ថា ក្រុមខ្លួននឹងធ្វើបានល្អ។ លោកបន្ដថា៖ «យើងរំពឹងនឹងវាយបកបាន ៣ ទៅ ៤គ្រាប់វិញ នៅស្ដាតចាស់ ដោយយើងនឹងប្រើប្រាស់កីឡាករមានបទពិសោធន៍ និងមួយទៀត យើងនឹងពង្រឹងតំបន់កណ្ដាលឲ្យបានកាន់តែល្អ ហើយសង្ឃឹមថា ថ្ងៃនោះមិនមានភ្លៀងដូចថ្ងៃនេះចុះ»។

គួរដឹងថា ជើងទី២ រវាងណាហ្គាវើលដ៏ និងគិរីវង់ នឹងធ្វើឡើងនាថ្ងៃទី១៨ ខែកក្កដាខាងមុខ ដើម្បីកាត់សេចក្ដីយកក្រុមឈ្នះ ១ក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ ។ ប៉ុន្ដែកាលពីម្សិលមិញ ក្នុងម៉ោងដំណាលគ្នានោះ ក្រុមក្រសួងការពារជាតិ ក៏បានវាយបកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ៣-១ ក្នុងជើងទី១ ផងដែរ មុនក្រុមទាំងពីរ ត្រូវជួបគ្នា ក្នុងជើងទី២ នាថ្ងៃទី១០ ខែកក្កដាខាងមុខ នៅកីឡដ្ឋានស្ដាតចាស់ ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់