កម្ពុជា ចូលរួមការប្រកួត Homless World Cup នៅចក្រភពអង់គ្លេស ចុងខែកក្កដានេះ

មាស សុផាណារ៉ុង July 3, 2019


 

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមបាល់ទាត់កម្ពុជាចំនួន ៨រូប នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់ពិភពលោកជនគ្មានទីពឹង ( 2019 Homless World Cup ) ឆ្នាំ២០១៩។

នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី០៣ ខែកក្កដា នេះបានឲ្យដឹងថាកម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោកជនគ្មានទីពឹង បានធ្វើឡើងតាំងពីឆ្នាំ២០០៣ មកម្ល៉េះ ដែលកាលនោះការប្រកួតធ្វើឡើងនៅទីក្រុង Graz នៃប្រទេសអូទ្រីស ដែលមានត្រឹមតែ ១៨ក្រុមប៉ុណ្ណោះ បានចូលរួមនៅ ឆ្នាំ២០១៩ នេះនឹងមាន ៧២ក្រុម មកពី ៤៨ប្រទេសចូលរួម នៅក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មានបង្កើតឡើងក្រោមការខិតខំ របស់អង្គការបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី – HFCA (Happy Football Cambodia Australia)។

លោកអ្នកស្រី Tina Redshaw ឯកអគ្គរាជទូតតំណាងចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា អ្នកស្រីស្វាគមន៍ចំពោះក្រុមបាល់ទាត់កម្ពុជា ដែលធ្វើដំណើរទៅចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតដណ្ដើមពានរង្វាន់ខាងលើ នៅទីក្រុង Cardiff។

លោក Paraic Gorgan ស្ថាបនិករបស់អង្គការបាល់ទាត់រីករាយកម្ពុជាអូស្រ្តាលី បាននិយាយក្នុងសន្និសីទកាសែតថា ការចេញទៅប្រកួតនេះបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន Smart Axiata។ តាមការស្ទង់មតិនោះថា ៩៤ភាគរយ និយាយថាពានរង្វាន់បាល់ទាត់ជនគ្មានទីពឹង បានជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់ពួកគេ។ ៨៣ភាគរយ បានចាត់ទុកថាបាល់ទាត់ពិភពលោកជនគ្មានទីពឹង នេះបានបង្កើតទំនាក់ទំនងសង្គមជាមួយគ្រួសារ និងមិត្តភ័ក្តិ។ ៧៧ភាគរយ បានចាត់ទុកថាវាបានផ្លាស់ប្ដូរជីវិតរបស់ពួកគេបានយ៉ាងច្រើន ដោយសារតែការចូលរួមរបស់ពួកគេជាមួយបាល់ទាត់ និង ៧១ភាគរយ ប្រកាសថានៅបន្តលេងកីឡាបាល់ទាត់។

លោក Alex Ferguson អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Manchester United របស់លីគកំពូលអង់គ្លេសក៏បានចេញសារពីប្រទេសរបស់លោកមកថា កម្មវិធីប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោកជនគ្មានទីពឹង បានបង្ហាញថាកីឡាបាល់ទាត់គឺជាឧបករណ៍ដ៏មានថាមពលមួយក្នុងការផ្លាស់ប្ដូរជីវិតមនុស្សហើយវាពិតជាល្អណាស់ដែលយើងបានរួមចំណែកជាមួយវា។

សូមបញ្ជាក់ថាការប្រកួតនេះធ្វើឡើងក្រោមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ហើយការ លេងគឺលេងម្ខាងតែ៦នាក់ប៉ុណ្ណោះ៕

 

រូបភាព៖ Homeless World Cup

អត្ថបទ៖ វ៉ាន្នី

មតិយោបល់