បឹងកេត ប្រកាសចែកផ្លូវ ទិត្យឈី ជាមួយ Angel Carrascosa និងនាំចូលកីឡាករជប៉ុន ពីលីគទី ២ថៃ

មាស សុផាណារ៉ុង July 4, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត នៅក្នុងឱកាសទីផ្សារដោះដូរកីឡាករបានធ្វើការប្រកាសពីការចាកចេញកីឡាករ ២រូប និងកីឡាករថ្មីមួយរូបទៀតជាជនជាតិជប៉ុន ផ្ទេរពីក្លឹបនៅលីគទី ២ថៃ។

កីឡាករដែលក្លឹបប្រកាសចាកចេញគឺរួមមាន ខ្សែការពារ ស្រាំង ទិត្យឈី និងខ្សែប្រយុទ្ធសញ្ជាតិអេស៉្បាញ Carrascosa Munoz Angel ដោយមានការព្រមព្រៀងរវាងភាគីទាំងសងខាង។

រួមរស់ជាមួយបឹងកេត បានពាក់កណ្ដាលរដូវកាល កីឡាករអេស្ប៉ាញ Angel បានបង្ហាញខ្លួន ១១ប្រកួត រកគ្រាប់បាល់បាន ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៣គ្រាប់ គ្រាដែល ទិត្យឈី ទទួលបានឱកាសបង្ហាញខ្លួនបានតែមួយប្រកួតគត់ ក្នុងជំនួបឈ្នះ ខេត្តកំពង់ចាម ៧-០។

ដោយឡែកសម្រាប់កីឡាករថ្មី ដែលផ្ទេរមកពីលីគទី ២ថៃ ( Udon Thani ​FC ) ពោលគឺកីឡាករ Kenta Yamazaki បច្ចុប្បន្នមានវ័យ ៣២ឆ្នាំ លេងក្នុងតួនាទីជាខ្សែបម្រើ។

Kenta Yamazaki  ចាប់ផ្ដើមក្លាយជាកីឡាករអាជីពបាល់ទាត់ពី ឆ្នាំ២០១០ ដោយចាប់ផ្ដើមជាមួយក្លឹប Komazawa ដែលជាក្រុមប្រកបអាជីពនៅលីគសាកលវិទ្យាល័យជប៉ុន។

ឆ្នាំ២០១៣ រូបគេបានមកប្រកបអាជីពនៅលីគបាល់ទាត់ថៃ ជាមួយក្លឹប MOF Customs United FC ក្រោយមកចេញទៅប្រកបអាជីពនៅប្រទេសម៉ុងតេណេក្រូ ពីចន្លោះឆ្នាំ២០១៣ ដល់២០១៥ មុននឹងមកចាប់ផ្ដើមប្រកបអាជីពនៅប្រទេសថៃជាថ្មី ជាមួយ Ubon United ដែលបច្ចុប្បន្នប្រកបអាជីពនៅលីគទី២ ថៃ។

គួរដឹងដែរថា គិតមកទល់ពេលនេះ បឹងកេត នាំចូលកីឡាករថ្មីតែ ២រូបប៉ុនណ្ណោះនៅជើងទី២ នៃលីគកំពូលកម្ពុជា បន្ទាប់ពីដំបូងឡើយនាំចូល ចាន់ វឌ្ឍនាកា មករួមក្រុមជាថ្មីបន្ទាប់ពីត្រូវបានក្លឹបនៅលីគកំពូលម៉ាឡេស៊ី ( PKNS ) បញ្ចប់កិច្ចសន្យាមុនកាលកំណត់៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់