អតីតសមាជិកទ័ព Na Hyosung ត្រលប់មកចូលរួមក្រុមសារជាថ្មី ដើម្បីប្រជែងជុំទី២ នៃលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង July 3, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែក្កដា ឆ្នាំ២០១៩ នេះបានធ្វើការប្រកាសបង្ហាញសមាជិកថ្មីជាកីឡាករបរទេសទី២ ដើម្បីត្រៀមជុំទី២ នៃលីគកំពូលកម្ពុជា។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបបានបញ្ជាក់ថា ក្លឹបបាននាំចូលកីឡាករបរទេសថ្មី ដែលមានឈ្មោះថា Na Hyosung ជាកីឡាករសញ្ជាតិកូរ៉េខាងត្នូង និងលេងក្នុងតួនាទីជាខ្សែបម្រើ។

កីឡាកររូបនេះ ធ្លាប់ជាសមាជិករបស់ក្រសួងការពារជាតិកាលពីរដូវកាល២០១៨ និងបានរួមចំណែកជួយឲ្យក្លឹបបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលកម្ពុជា ជាមួយនឹងការរកគ្រាប់បាល់បាន ៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១លើកផងដែរ

កីឡាកររូបនេះ គឺជាសមាជិកបរទេសទី២ហើយ ដែលក្លឹបនាំចូលសម្រាប់ជើងទី២ បន្ទាប់ពីកីឡាករសញ្ជាតិអាហ្រ្វិកខាងត្បូង Mohammed Faeez Khan ដោយមកជំនួសកន្លែងកីឡាករ Taku Yanagidate និង Dzarma Bata ដែលបានចាកចេញពីក្លឹបទៅចូលរួមជាមួយក្លឹបផ្សេងពីគ្នា។

បច្ចុប្បន្ន ក្រសួងការពារជាតិ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ ក្រោយប្រកួត១២ដង ឈ្នះ៦ ស្មើ២ និងចាញ់៤ មាន២០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ១២ពិន្ទុ៕

 

រូបភាព៖​ លីគកំពូលកម្ពុជា – Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់