កីឡាករជួយឲ្យក្លឹបមួយឡើងលីគកំពូលហ្វាំងឡង់ ចូលរួមជាមួយអង្គរថាយហ្គឺរ

មាស សុផាណារ៉ុង July 3, 2019


 

សៀមរាប៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ កាលពីម្សិលមិញបានធ្វើការបង្ហើបពីការនាំចូលកីឡាករថ្មីដើម្បីត្រៀមប្រកួតនៅជើងទី២ នៃលីគកំពូលកម្ពុជា ហើយត្រូវបានបែកធ្លាយសមាសភាព ត្រូវបានស្គាល់ថាជាកីឡាករជួយឲ្យក្លឹប HIFK Fotboll ឡើងលីគកំពូលហ្វាំងឡង់។

នេះជាកីឡាករសញ្ជាតិអេស៉្បាញ មានឈ្មោះថា Nando Cózar បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ និងលេងក្នុងតួនាទីជាខ្សែបម្រើកណ្ដាល ជាមួយកម្ពស់ដ៏ខ្ពស់ ១,៨៨ម៉ែត្រ។

កីឡាកររូបនេះបានចាប់ផ្ដើមវិវឌ្ឍន៍ខ្លួនជាកីឡាករអាជីព កាលពីឆ្នាំ២០១១ ដោយចាប់ផ្ដើមជាមួយក្លឹប Cádiz B នៅលីគលំដាប់ទី៣ អេស៉្បាញ និងបន្តប្រកបអាជីេពជាមួយក្លឹបជាច្រើនទៀតក្នុងស្រុកភាគច្រើនជាក្លឹបនៅលីគទី៣ ឬទី៤ រហូតដល់ឆ្នាំ២០១៥ ទើបចេញមកប្រកបអាជីពនៅលីគនៃប្រទេសហ្វាំងឡង់ ជាមួយក្លឹបលីគកំពូល FC Legirus Inter រហូតដល់ចុងក្រោយជាមួយក្លឹបនៅលីគទី២ HIFK Fotboll និងបានរួមចំណែកឲ្យក្រុមនេះបានកៅអីឡើងមកលីគកំពូលហ្វាំងឡង់ នារដូវកាលក្រោយផងដែរ។

យ៉ាងណាមិញក្លឹបមិនទាន់ធ្វើការប្រកាសជាផ្លូវការនៅឡើយ ប៉ុន្តែទំនងប្រហែលជាត្រូវបង្ហាញនៅថ្ងៃនេះ ពោលគឺចំថ្ងៃដែលទីផ្សារដោះដូរកីឡាករនៅលីគកំពូលកម្ពុជា សម្រាប់ជើងទី២ បិទថ្ងៃនេះ។

សូមបញ្ជាក់ថា ការមកដល់របស់កីឡាករសញ្ជាតិអេស៉្បាញរូបនេះ គឺជាការចូលមកជំនួសតំណែងកីឡាករជប៉ុន Yudai Ogawa ហើយក៏ជាសមាជិកថ្មីតែម្នាក់គត់ដែលក្លឹបនាំចូលនៅជើងទី២ នៃលីគកំពូលកម្ពុជា៕

 

រូបភាព៖ suomifutis | elcornerdelsur

អត្ថបទ៖ ណារ៉ុង

មតិយោបល់