ភ្នំពេញក្រោន នាំ Bata និង Booysen មករួមក្រុមជាផ្លូវការ និងប្រកាសចែកផ្លូវកីឡាករម្នាក់

មាស សុផាណារ៉ុង July 2, 2019


 

ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបង្ហាញសមាជិកថ្មីជាកីឡាករបរទេសទី៣ និងទី៤ របស់ខ្លួន និងប្រកាសពីការចាកចេញរបស់កីឡាករម្នាក់ផងដែរ សម្រាប់ជើងទី២ នៃលីគកំពូលម្ពុជា។

សមាជិកថ្មីដែលភ្នំពេញក្រោន នាំមកចូលរួមគឺជាកីឡាករដែលពោរពេញទៅដោយបទពិសោធន៍នៅលីគកំពូលកម្ពុជា គឺកីឡាករ Dzarma Bata ( ផ្ទេរពីក្រសួងការពារជាតិ ) និងអតីតកីឡាកររបស់ភ្នំពេញក្រោនកាលពីអំឡុងឆ្នាំ២០១៥-១៧ គឺកីឡាករ Shane Booysen ( ផ្ទេរពីអគ្គស្នងការរដ្ឋាននគរបាលជាតិ )។

គួរដឹងដែរថាមុនផ្ទេរមកចូលជាមួយភ្នំពេញក្រោន ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Dzarma Bata បានរួមចំណែកបានច្រើនជាមួយក្រសួងការពារជាតិដោយបង្ហាញខ្លួន ១៣លើក រូបគេអាចទាត់បាល់បញ្ចូលទីបាន ១៣គ្រាប់ផងដែរ ស្របពេលដែល Shane Booysen បន្សល់ទុក ១០គ្រាប់ពីក្លឹបអគ្គស្នងការរដ្ឋាននគរបាលជាតិ ក្នុងការបង្ហាញខ្លួន ១០ដង។

ដោយឡែកថ្ងៃជាមួយគ្នានេះដែរ សមាជិកម្នាក់កីឡាករកូនកាត់ខ្មែរ-បារាំង ពេជ អូវែន ក៏ត្រូវបានក្លឹបប្រកាសពីការចែកផ្លូវផងដែរ បន្ទាប់បានចូលរួមកាលពីដើមរដូវកាល និងពុំសូវមានឱកាសបង្ហាញខ្លួនជាមួយក្លឹប។

ពេជ អូវែន ចាប់តាំងពីចូលរួមជាមួយភ្នំពេញក្រោន បង្ហាញខ្លួនបានតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមនោះ ១ប្រកួតត្រូវបានផ្លាស់ប្ដូរចូល។

គួរបញ្ជាក់ថា Bata និង Booysen គឺជាសមាជិកទី៤ និងទី៥ ហើយដែលនាំក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលមួយនេះនាំចូលមករួមក្រុមបន្ទាប់ពីកីឡាករ សុខ សុវណ្ណ ដែលផ្ទេរពីក្លឹបវិសាខា ក្នុងលក្ខខណ្ឌខ្ចីជើង, កីឡាករកូនកាត់ខ្មែរបារាំង សេង សារ៉ាវុធ និងកីឡាករជម្រើសជាតិអាហ្វហ្គានីស្ថាន Mustafa Zazai៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់