កីឡាកររកគ្រាប់ឲ្យក្រសួងការពារជាតិ ច្រើនជាងគេចាកចេញពីក្លឹប ជាមួយខ្សែការពារជប៉ុនម្នាក់ទៀត

មាស សុផាណារ៉ុង July 2, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បានធ្វើការប្រកាសពីការចាកចេញរបស់​សមាជិកបរទេសពីររូប គឺកីឡាកររកគ្រាប់បាល់ឲ្យខ្លួនច្រើនជាងគេក្នុងក្រុម Dzarma Bata និងខ្សែការពារសញ្ជាតិជប៉ុន កីឡាករ Taku Yanagidate នៅក្នុងឱកាសនៃទីផ្សារដោះដូរកីឡាករក្នុងលីគកំពូលកម្ពុជាកំពុងចរាចរណ៍។

កីឡាករទាំង ២នាក់នេះបានរួមចំណែកជួយក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅជើងទី១ ដោយបានបញ្ចប់ទៅដោយឈរនៅលេខ៧ នៃលីគកំពូលកម្ពុជា ជាមួយនឹងការបង្ហាញខ្លួនយ៉ាងទៀតទាត់ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Dzarma Bata រួមចំណែកបានច្រើនដោយក្នុងការបង្ហាញខ្លួន ១៣លើក រូបគេអាចទាត់បាល់បញ្ចូលទីបាន ១៣គ្រាប់ ច្រើនជាងគេនៅក្នុងក្រុម និងកំពុងឈរនៅលេខរៀងទី២ ប្រជែងស្បែកជើងមាស ( Top scorers ) ប្រចាំលីគកំពូលកម្ពុជា ផងដែរ។

សូមរំលឹកថាត្រឹមជុំទី១ នៃលីគកំពូលកម្ពុជា ក្រសួងការពារជាតិ បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៧ ដោយ១៣ប្រកួត ឈ្នះ៧ ស្មើ២ និងចាញ់៤ មាន២៣ ពិន្ទុ ហើយសប្ដាហ៍ទី១៤ ដែលជាសប្ដាហ៍ដំបូងនៃជុំទី២ ក្រុមនេះនឹងត្រូវជួបអង្គរថាយហ្គឺរ នៅសប្ដាហ៍ក្រោយ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់