ធារី ចន្ថាប៊ីន រួមចំណែកធ្វើឲ្យខ្សែប្រយុទ្ធអាហ្វហ្គានីស្ថាន Mustafa Zazai ក្លាយជាសមាជិកភ្នំពេញក្រោន

មាស សុផាណារ៉ុង July 2, 2019


 

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមិថុនា សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន កីឡាករ Mustafa Zazai ដែលធ្លាប់ទាត់ចូលកម្ពុជា ២គ្រាប់ បានចូលរួមជាមួយម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាល ភ្នំពេញក្រោន ក្នុងកិច្ចសន្យារហូតដល់ចប់រដូវកាល២០១៩ ពោលគឺនៅអំឡុងពេលទីផ្សារដោះដូរកីឡាករកំពុងបើក។

បន្ទាប់ពីបានក្លាយជាសមាជិកថ្មីរបស់ភ្នំពេញក្រោន ខ្សែបម្រើ-ប្រយុទ្ធជម្រើសជាតិអាហ្វហ្គានីស្ថានរូបនេះ បានទម្លាយមូលហេតុមួយចំនួនដែលនាំឲ្យរូបគេបានស្គាល់ និងជឿជាក់ រហូតមកធ្វើតេស្ដ ថែមទាំងចុះកិច្ចសន្យាលេងឲ្យក្លឹបភ្នំពេញក្រោន ក្នុងនោះក៏មានចំណែកដ៏សំខាន់របស់សមាជិកក្លឹប Terengganu FC នៃលីគកំពូលម៉ាឡេស៊ី គឺកីឡាករ ធារី ចន្ថាប៊ីន។

Mustafa Zazai បាននិយាយថា៖ «និយាយឲ្យត្រង់ទៅ ខ្ញុំបានដឹងពីភ្នំពេញក្រោនពីមិត្ដជាច្រើនលេងឲ្យក្លឹបធំៗនៅកម្ពុជា និងជាក្លឹបឈ្នះពានជាច្រើន ហេតុផលសំខាន់នោះ គឺមិត្តរបស់ខ្ញុំ ធារី ចន្ថាប៊ីន លេងឲ្យក្រុមជម្រើសជាតិកម្ពុជា និងលេងនៅលីគម៉ាឡេស៊ីដូចគ្នា ហើយជិតស្និតជាមួយខ្ញុំ។ បន្ទាប់មកខ្ញុំក៏បានមកទីនេះ ធ្វើការហ្វឹកហាត់បាន ២-៣លើក នឹងចុះកិច្ចសន្យាជាមួយភ្នំពេញក្រោន»។

ទន្ទឹមជាមួយគ្នា កីឡាករវ័យ ២៦ឆ្នាំរូបនេះ ក៏មានជំនឿចិត្តខ្ពស់ ក្នុងការរួមចំណែកជួយក្លឹបភ្នំពេញក្រោន នៅជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ជាមួយជំនាញប្រើជើងស្ដាំ និងជើងឆ្វេងដ៏ប៉ិនប្រសព្វរបស់គេផងដែរ។ ម្យ៉ាង Mustafa Zazai ក៏បានសម្ដែងសេចក្ដីរីករាយ ក្រោយបានចូលរួមជាមួយភ្នំពេញក្រោន និងបានប្រកបអាជីពនៅកម្ពុជាដែរ ដ្បិតអ្នកគាំទ្រ មានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះរូបគេ។

គួរដឹងថា កីឡាករធ្លាប់ស៊ុតបំប៉ោងសំណាញ់ទីក្រុមជម្រើសជាតិកម្ពុជា ២គ្រាប់ ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ប្រចាំពូល E កាលពីឆ្នាំ២០១៥ នេះ នឹងត្រូវបង្ហាញវត្តមានលើកដំបូង នាចុងសប្ដាហ៍នេះ ស្របពេលភ្នំពេញក្រោន ត្រូវប្រកួតទល់នឹងក្រុមជើងខ្លាំងបឹងកេត នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ដែលជាការប្រកួតបើកឆាកជុំទី២ ខណៈកាលពីជួបគ្នាជើងទី១ ភ្នំពេញក្រោន បានចាញ់បឹងកេតក្នុងដី ៣-២៕

ទស្សនាវីដេអូកិច្ចសម្ភាសន៍របស់ Zazai ជាមួយក្លឹប៖

 

អត្ថបទ៖ បុត្រា

មតិយោបល់