ក្រុម Top-5 មិនទាន់បង្ហាញសមាជិកថ្មីជាលក្ខណៈទ្រង់ទ្រាយធំ ខណៈរដូវកាលដោះដូរកីឡាករសល់តែ ១ថ្ងៃ

មាស សុផាណារ៉ុង July 2, 2019


 

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដានេះ គេពុំទាន់ឃើញក្រុមកំពូលទាំង៥ ( Top-5 ) នៃលីគកំពូលកម្ពុជា ដូចជាព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៏, អង្គរថាយហ្គឺរ, បឹងកេត និងវិសាខា ធ្វើការផ្លាស់ប្ដូរកីឡាកររបស់ខ្លួននោះទេ ស្របពេលរដូវកាលដោះដូរកីឡាករដើម្បីត្រៀមជុំទី២ សល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ នាថ្ងៃទី០៣ ខែកក្កដាស្អែក។

សម្រាប់រដូវកាលដោះដូរកីឡាករនេះដែរ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា – CNCC បានបើកឱកាសឲ្យក្លឹបនីមួយៗ តាំងពីថ្ងៃទី២០ ខែមិថុនា មកម្លេះ ក្នុងនោះគេឃើញក្លឹបមួយចំនួន ក៏បានប្រកាសផ្លាស់ប្ដូរកីឡាកររបស់ខ្លួន ដូចជាក្លឹបភ្នំពេញក្រោន, ក្រសួងការពារជាតិ, អាស៊ីអឺរ៉ុបយូណាយធីត, អគ្គស្នងការដ្ឋាននគរបាលជាតិ និងខេត្តកំពង់ចាម ជាដើម។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុម Top-5 ខាងលើ មិនទាន់មានតម្រុយពីការដោះដូរជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយនោះទេ។

ចំពោះក្រុមព្រះខ័នរាជស្វាយរៀង កាលពីប៉ុន្មានថ្ងៃមុន បាននាំចូលអ្នកចាំទីម្នាក់មកពីក្លឹបពាក់កណ្ដាលអាជីព គឺកីឡាករ ខេង លីហៀង។ ប៉ុន្ដែសមាជិកចាស់របស់ពួកគេ ហាក់គ្មានការប្រែប្រួល សម្រាប់លោក Conor Nestor ឡើយ ពិសេសកីឡាករបរទេស ដែលសុទ្ធតែធ្វើបានល្អក្នុងជុំទី១ ដោយបានជួយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ ទទួលបានកៅអីកំពូលតារាង និងមាន ៣៣ពិន្ទុទៀតផង។

បឹងកេត គិតមកទល់ពេលនេះ មានតែការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពកម្ពុជា ចាន់ វឌ្ឍនាកា ម្នាក់គត់។ យ៉ាងណាមិញក៏មានលេចលឺតម្រុយពីការចាកចេញកីឡាករមួយចំនួនផងដែរ។

ក្រឡេកទៅមើលក្រុមណាហ្គាវើលដ៏, អង្គរថាយហ្គឺរ និងវិសាខា វិញសុទ្ធតែពុំទាន់មានការប្រកាសដោះដូរកីឡាករថ្មីនោះទេ ជាក់ស្ដែងដូចជាអង្គរថាយហ្គឺរ ទោះបីកីឡាករជប៉ុន Yudai Ogawa ទើបចាកចេញ តែពួកគេ មិនទាន់បញ្ជាក់ពីការរកកីឡាករថ្មី មកជំនួសកន្លែងរបស់កីឡាករពូកែទាត់ហ្វី្រឃីតនេះឡើយ។

អ្នកគាំទ្រកំពុងចាំអ៊ុតក្រុមខាងលើ តើនឹងមានការផ្លាស់ប្ដូរកីឡាករ ឬក៏អត់? ខណៈរដូវកាលដោះដូរកីឡាករ នឹងបិទនៅថ្ងៃទី០៣ ខែកក្កដាស្អែកនេះ។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា ក្រោយបញ្ចប់ជុំទី១ ពុំមានការសម្រាកនោះទេ ពោលគឺនឹងបន្ដការប្រកួតជុំទី២ នាចុងសប្ដាហ៍នេះ។ ចំពោះលទ្ធផលបណ្ដោះអាសន្ន កាលពីជុំទី១ គឺក្រុមព្រះខ័នរាជស្វាយរៀង បានឈរកំពូលតារាង ក្រោយឆ្លងកាត់ ១៣ប្រកួតឈ្នះ១០ និងស្មើ៣ មិនស្គាល់ពាក្យចាញ់មាន ៣៣ពិន្ទុ នាំមុខក្រុមគូប្រជែង ដែលឈរលេខរៀងទី២ គឺក្រុមណាហ្គាវើលដ៏ ៥ពិន្ទុឯណោះ។ ក្រុមលេខ៣ អង្គរថាយហ្គឺរ មាន២៧ពិន្ទុ តាមពីក្រោយដោយលេខ៤ បឹងកេត មាន២៧ពិន្ទុ និងលេខ៥ វិសាខា មាន២៦ពិន្ទុ៕

 

រូបភាព៖ ផ្ដល់ឲ្យ | អង្គរថាយហ្គឺរ | ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់