លោក Conor៖ គ្មានការតវ៉ា រឿងអាជ្ញាកណ្ដាលប្ដូរចិត្តមិនផ្ដល់បាល់ពិន័យ ១១ម៉ែត្រឡើយ

មាស សុផាណារ៉ុង July 2, 2019


 

ភ្នំពេញ៖ ព្រះខ័នរាជស្វាយរៀង មិនបានធ្វើការតវ៉ារឿងអាជ្ញាកណ្ដាលប្ដូរចិត្តមិនផ្ដល់បាល់ពិន័យ ១១ម៉ែត្រ ( Penalty ) ដល់ក្រុមខ្លួនឡើយ បន្ទាប់ពីពិនិត្យវីដេអូឡើងវិញ ឃើញការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលពិតជាត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Conor Nestor បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានប្រកួតស្មើក្រុមណាហ្គាវើលដ៏ ០-០ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

គួររំលឹកដែរថា ក្នុងជំនួបដ៏តានតឹងនេះ ព្រះខ័នរាជស្វាយរៀង ស្ទើរទទួលបានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី៣៦ បន្ទាប់ពីកីឡាករ ណុប តុលា ទាត់បាល់ទៅប៉ះខ្សែការពារណាហ្គាវើលដ៏ Anderson ហើយភ្លាមៗនោះ អាជ្ញាកណ្ដាលលោក ជួប វិសាល បានផ្លុំកញ្ចែផ្ដល់បាល់ប៉េណាល់ទីឲ្យក្រុមម្ចាស់ផ្ទះ ដោយស្មានតែបាល់ប៉ះដៃ តែកីឡាករណាហ្គាវើលដ៍ បានតវ៉ារហូតមានការពិភាក្សាជាមួយជំនួយការអាជ្ញាកណ្ដាលទី២ លោក ចេង ចាន់ដារ៉ា ទើបលោក ជួប វិសាល លុបចោលការសម្រេចផ្ដល់បាល់ប៉េណាល់ទីនោះវិញ។

ជុំវិញករណីនេះលោក Conor Nestor បានិយាយថា៖ «ខ្ញុំបានប្រាប់ទៅក្រុមការងរបស់ពួកយើងទៅមើលវីដេអូការប្រកួតនេះ ក្រោយពេលមើលវីដេអូរួចហើយ ពួកយើងយល់ស្របតាមអាជ្ញាកណ្ដាល ដែលបានធ្វើការសម្រេចចិត្តត្រឹមត្រូវ។ ដូច្នេះហើយយើងមិនមានបញ្ហាអ្វីនោះទេ ពួកយើងគ្មានការតវ៉ាអ្វីនោះទេ នៅពេលដែលអាជ្ញាកណ្ដាល បានសម្រេចចិត្តត្រឹមត្រូវ បើទោះបីជាវាមិនល្អសម្រាប់យើងក៏ដោយ។ នៅទីបញ្ចប់ខ្ញុំគិតថា ទាំងជំនួយការអាជ្ញាកណ្ដាល គឺពួកគេទទួលបានការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ»។

យ៉ាងណាមិញការប្រកួត បានបន្ដរហូតចប់ ៩០នាទី ដោយរក្សាលទ្ធផលស្មើគ្នា ០ទល់០ សម្រាប់ក្រុមទាំងពីរ ដែលធ្វើឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង និងមាន ៣៣ពិន្ទុ នាំមុខគូប្រជែងណាហ្គាវើលដ៏ ដែលឈរលេខ២ ៥ពិន្ទុដដែល ក្នុងការប្រកួតជើងទី១ នៃលីគកំពូលកម្ពុជា។

ហើយចុងសប្ដាហ៍នេះ ក្រុមទាំងពីរ ត្រូវប្រកួតនៅភ្នំពេញដូចគ្នា ដែលជាប្រកួតបើកឆាកជុំទី២ ក្នុងនោះណាហ្គាវើលដ៏ ត្រូវប៉ះអាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្ដាតចាស់ ខណៈព្រះខ័នរាជស្វាយរៀង ត្រូវប៉ះប៉ូលិស នៅកីឡដ្ឋានអគ្គិសនីកម្ពុជា នាថ្ងៃទី០៧ ខែកក្កដានេះ៕

ទស្សនាវីដេអូនៃការប្រកួត៖ ( ហេតុការណ៍កើតឡើងនៅនាទី៣៥ នៃវគ្គទី១ )

 

រូបភាព៖ លីគកំពូលកម្ពុជា – Metfone Cambodian League

អត្ថបទ៖ បុត្រា

មតិយោបល់