អាស៊ីអឺរ៉ុបយូណាយធីត ផ្លាស់ប្ដូរសមាសភាពកីឡាករបរទេស គួរឲ្យភ្ញាក់ផ្អើលនៅជើងទី២

មាស សុផាណារ៉ុង July 2, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត នៅក្នុងឱកាសនៃទីផ្សារដោះដូរកីឡាករក្នុងលីគកំពូលកម្ពុជា បានបើកសម្រាប់ជើងទី២ បានធ្វើការផ្លាស់ប្ដូរសមាសភាពកីឡាករបរទេស របស់ខ្លួនគួរឲ្យភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ម្សិលមិញ។

តាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប បានបង្ហើបពីការចាកចេញកីឡាករ ២រូបរួមមានខ្សែការពារសញ្ជាតិជប៉ុន Masaki Tomohiro និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyene Korede ដែលសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្លឹបផ្សេងនៅលីគកំពូលកម្ពុជាដូចគ្នា ស្របពេលដែលកីឡាករសញ្ជាតិអូស្រ្តាលី Joshua Jokic ត្រូវបានសេចក្ដីរាយការណ៍បន្ថែមថាបានចាកចេញត្រលប់ទៅប្រទេសកំណើតវិញផងដែរ។

យ៉ាងណាមិញទន្ទឹមនឹងការចាកចេញ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ក៏បានសម្រេចនាំចូលកីឡាករបរទេស ៣រូបបន្ថែមទៀតផងដែរ ក្នុងនោះមានម្នាក់ជាជនជាតិជប៉ុន និង២នាក់ផ្សេងទៀត ជាជនជាតិកាម៉េរូន។

កីឡាករជប៉ុនមានឈ្មោះថា Tsutomu Hasegawa ដែលជាអតីតកីឡាករបស់ក្លឹបលីគកំពូលឡាវ ( Lao Toyota FC ) ខណៈកីឡាករ២រូបទៀតគឺ កីឡាករ Julien William និង Ndoumene Yannick Francois។

​​សម្រាប់កីឡាករ Coulibali Abdel Kader ដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ និងកីឡាករជប៉ុន Tsubasa Mitani ទាំង ២រូបនេះនៅតែបន្តរួមរស់ជាមួយក្លឹបដដែលរហូតដល់ចប់រដូវកាល ២០១៩។

សូមបញ្ជាក់ថាត្រឹមជុំទី១ នៃលីគកំពូលកម្ពុជា អាស៊ីអឺរ៉ុបយូណាយធីត បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៩ ដោយ១៣ប្រកួត ឈ្នះ៥ ស្មើ១ និងចាញ់៦ មាន១៦ ពិន្ទុ ហើសប្ដាហ៍ទី១៤ ដែលជាសប្ដាហ៍ដំបូងនៃជុំទី២ ក្រុមនេះនឹងត្រូវជួបម្ចាស់ការពារតំណែងជើងឯក ណាហ្គាវើលដ៍ នៅសប្ដាហ៍ក្រោយ៕

 

រូបភាព៖ អាសុីអឺរ៉ុប យូណាយធីត – AEU

អត្ថបទ៖ ណារ៉ុង

មតិយោបល់