កំពង់ចាម បំបែកកំណត់ត្រាចាស់របស់បក្សីចាំក្រុង កាលពី១២ឆ្នាំមុន របូតគ្រាប់បាល់លើស ១២០គ្រាប់ក្នុងលីគ

មាស សុផាណារ៉ុង July 1, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម បានឈានទៅដល់ការបំបែកកំណត់ត្រាចាស់របស់ ក្លឹបបាល់ទាត់បក្សីចាំក្រុង ( ខេត្តសៀមរាប ) ហើយ បន្ទាប់ពីម្សិលមិញបន្តចាញ់ភ្នំពេញក្រោន ដោយលទ្ធផល ២ទល់១៧ និងបានរបូតគ្រាប់បាល់លើស ១២០គ្រាប់ក្នុងលីគកំពូលកម្ពុជា ដែលជាកំណត់ត្រាចុងក្រោយកាលពីឆ្នាំ២០០៧។

កំពង់ចាម នៅរដូវកាល២០១៩ នេះដែលតែងតែត្រូវបានគូប្រកួតយកឈ្នះជាមួយគ្រាប់បាល់មិនសំចៃដៃនោះ កាន់តែត្រដាបត្រដួសក្រោយពុំអាចរកជ័យជម្នះបានទាល់តែសោះនៅ ១២ប្រកួតចុងក្រោយ ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម មួយនេះបានរបូតគ្រាប់បាល់រហូតដល់លើស ១២០គ្រាប់ហើយ ពោលគឺរបូតដល់ ១៣១គ្រាប់ លើសកំណត់ត្រាចាស់ដែលអាក្រក់ជាងគេនៅក្នុងលីគកំពូលកម្ពុជា តាំងពីចាប់ដំណើរការឡើងវិញនៅឆ្នាំ២០០៥ មក របស់ក្លឹបបាល់ទាត់បក្សីចាំក្រុង ( ខេត្តសៀមរាប ) កាលពីលីគឆ្នាំ២០០៧។

លីគកំពូលកម្ពុជា កាលពីឆ្នាំ២០០៧ ដែលមានក្រុមចំនួន ៨ចូលរួមប្រកួត ក្លឹបបក្សីចាំក្រុង ( ខេត្តសៀមរាប ) បានក្លាយទៅជាក្រុមដំបូងគេ ដែលបានរបូតគ្រាប់បាល់ដល់ ១២០គ្រាប់ ក្នុងចំនួនប្រកួត ១៤ដង ដែលបានសេចក្ដីថាជាមធ្យមរបូត ១៦គ្រាប់។ គ្រានោះ បក្សីចាំក្រុង បានស្ថិតនៅបាតតារាង និងរកបាន ៣ពិន្ទុដោយឈ្នះតែ ១ប្រកួតគត់ លើក្រុមឥន្រ្ទីក្រហម នៅសប្ដាហ៍ដំបូង។

បក្សីចាំក្រុង ប្រកួតជាមួយ ណាហ្គាវើដ៍ កាលពីឆ្នាំ២០០៧

សម្រាប់ក្លឹបបាល់ទាត់ខេត្តកំពង់ចាម នៅសល់ពាក់កណ្ដាលផ្លូវដើម្បីប្រកួតក្នុងលីគកំពូលកម្ពុជា។ យ៉ាងណាក្លឹបនេះកាលពីពេលថ្មីៗ ទើបតែធ្វើការប្រកាសពីការបង្ហាញសមាសភាពកីឡាករបរទេសថ្មី ចំនួន៤រូប ដែលក្លឹបទើបតែនាំចូលមកជំនួសកីឡាករបរទេសចាស់ ៤នាក់ដែលបានចាកចេញ ដើម្បីត្រៀមប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា រួមមានកីឡាករសញ្ជាតិហ្គាណា ម្នាក់, កូតឌឺវ័រ ម្នាក់, ជប៉ុនម្នាក់ និងនីហ្សេរីយ៉ា ម្នាក់ទៀត បន្ថែមលើសមាជិកចាស់ កីឡាករ Osei Tutu ដែលបន្តរួមរស់ជាមួយក្លឹប។

កីឡាករថ្មីទាំង ៤រូបនេះ នឹងបង្ហាញខ្លួនបាននៅលីគកំពូលកម្ពុជា ចាប់ពីជើងទី២ តទៅ ពោលគឺនៅសប្ដាហ៍ទី១៤។ ពួកគេនឹងចូលមកស្រោចស្រង់ស្ថានការណ៍ក្រុមដែលបច្ចុប្បន្នកំពុងស្ថិតនៅបាតតារាងនៃលីគ ដោយប្រកួត ១៣ប្រកួតកន្លងមក ឈ្នះតែ១ ប្រកួតគត់ និងចាញ់ ១២ប្រកួត ហើយរបូតគ្រាប់បាល់ដល់ទៅ ១៣១គ្រាប់៕

 

រូបភាព៖ ឯកសារ

អត្ថបទ៖ ណារ៉ុង

មតិយោបល់