រឿងរ៉ាវដែលកើតឡើង នៅលីគកំពូលកម្ពុជា ក្នុងសប្ដាហ៍ចុងក្រោយបញ្ចប់ជើងទី១

មាស សុផាណារ៉ុង July 1, 2019


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតសន្សំពិន្ទុ ជើងទី១ ហើយ ស្របពេលព្រះខ័នរាជស្វាយរៀង បានបង្កើតកំណត់ត្រាដ៏អស្ចារ្យ ក្នុងនាមជាក្រុមតែមួយគត់ ដែលមិនស្គាល់ចាញ់ បន្ទាប់ពីប្រកួតបញ្ចប់សប្ដាហ៍ទី១៣ កាលពីយប់មិញ បានស្មើក្រុមណាហ្គាវើលដ៏ ០-០។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Conor Nestor ព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ចំពោះលទ្ធផលជើងទី១ សូម្បីអតីតគ្រូបង្វឹកលោក សំ វ៉ាន់ដេត ក៏ចូលរួមកោតសរសើរផងដែរ ពិសេសការប្រកួតជាមួយណាហ្គាវើលដ៏យប់មិញ ទោះបីពួកគេ មិនអាចបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ក៏ស្វាយរៀង បានការពារមិនឲ្យរបូតគ្រាប់បាល់ដែរ។

ជាលទ្ធផលចប់ជើងទី១ ព្រះខ័នរាជស្វាយរៀង បានឈរកំពូលតារាង និងមាន ៣៣ពិន្ទុ នាំមុខគូប្រជែងឈរលេខរៀងទី២ គឺក្រុមរបស់លោក មាស ចាន់ណា ចំនួន ៥ពិន្ទុ ជាមួយលទ្ធផល ១៣ប្រកួតឈ្នះ១០ និងស្មើ៣ រួមមានស្មើក្រុមអង្គរថាយហ្គឺរ, ស្មើបឹងកេត និងស្មើណាហ្គាវើលដ៏។ ចំណែកណាហ្គាវើល កំពុងមាន ២៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៣ប្រកួតឈ្នះ៩ ស្មើ១ និងចាញ់៣។

ដោយឡែកក្រុមខ្លាំងៗមួយចំនួនទៀត ក៏កំពុងមានពិន្ទុយ៉ាងប្រកៀកប្រកិតគ្នាដែរ តួយ៉ាងដូចជា ក្រុមអង្គរថាយហ្គឺរមាន ២៧ពិន្ទុ, បឹងកេតមាន ២៦ពិន្ទុ, វិសាខាមាន ២៥ពិន្ទុ, ភ្នំពេញក្រោនមាន ២៤ពិន្ទុ និងក្រសួងការពារជាតិមាន ២៣ពិន្ទុ បន្ទាប់ពីក្រុមទាំងនេះ បានទទួលជ័យជម្នះរៀងៗខ្លួន ក្នុងការប្រកួតបញ្ចប់ជើងទី១ កាលពីចុងសប្ដាហ៍កន្លងទៅ។

សម្រាប់ក្រុមអង្គរថាយហ្គឺរ បានយកឈ្នះអគ្គិសនីកម្ពុជា ៣-១, បឹងកេត យកឈ្នះគិរីវង់ ២-១, វិសាខា ឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-១, ភ្នំពេញក្រោន លត់ក្រុមខេត្តកំពង់ចាម ១៧-២ និងក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-១។ រីឯលទ្ធផល ១គូទៀត គឺក្រុមសូលទីឡូអង្គរ បានយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ២-១៕

តារាងចំណាត់ថ្នាក់សរុប ត្រឹមជុំទី១៖

 

រូបភាព៖ លីគកំពូលកម្ពុជា – Metfone Cambodian League

អត្ថបទ៖ បុត្រា

មតិយោបល់