ក្លឹប៣ នៅលីគកំពូលកម្ពុជា ដែលមិនស្គាល់ពាក្យថាចាញ់ជុំទី១

មាស សុផាណារ៉ុង July 1, 2019


 

ស្វាយរៀង៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទីបំផុតបានធ្វើបានសម្រេចតាមរយៈការស្មើទៅនឹងកំណត់ត្រារបស់ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ក៏ដូចជាបឹងកេត ក្នុងនាមជាក្រុមមិនស្គាល់ពាក្យថាចាញ់ទាល់តែសោះ នៅជុំទី១ នៃលីគកំពូលកម្ពុជា។ នេះបើយោងតាមទិន្នន័យ កាលពីឆ្នាំ២០១០ និងទិន្នន័យនៅឆ្នាំ២០១៨។

ព្រះខ័នរាជស្វាយរៀង តាមស្មើកំណត់ត្រារបស់ក្រុមទាំង ២ខាងលើ គឺបន្ទាប់ពីយប់មិញនេះក្រុមទាំងពីរបានប្រកួតស្មើ ០ទល់០ ជាមួយណាហ្គាវើលដ៍ ក្នុងជំនួបសប្ដាហ៍ទី១៣ ( ដែលជាសប្ដាហ៍ចុងក្រោយ ) នៃជុំទី១ ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩ នៅកីឡដ្ឋានស្វាយរៀង ហើយដែលនាំឲ្យ ព្រះខ័នរាជស្វាយរៀង បានក្លាយទៅជាក្រុមទី២ ក្នុងរយៈពេល ៩ឆ្នាំចុងក្រោយ ប្រកួតក្នុងជុំទី១ ដោយពុំទទួលរងបរាជ័យទាល់តែសោះ បើធៀបទៅនឹងការធ្វើបានលើកដំបូងដោយណាហ្គាវើលដ៍ កាលពីឆ្នាំ២០១០ និងចុងក្រោយបង្អស់ដោយ បឹងកេត កាលពីឆ្នាំ២០១៨។

កាលពីឆ្នាំ២០១០ លីគកំពូលកម្ពុជា ដែលមានក្រុមចំនួន ១០ចូលរួម ណាហ្គាវើលដ៍ ( កាលនោះមានឈ្មោះថា ណាហ្គាខប ) បានបង្កើតកំណត់ត្រាជាក្រុមដំបូងគេ ដែលប្រកួតក្នុងជុំទី១ នៃលីគដោយមិនស្គាល់ពាក្យថាចាញ់ ពោលគឺ ៩ប្រកួត ឈ្នះ៧ និងស្មើ២។

ដែលមានតែ ១៨ប្រកួត ដោយសារមានចំនួនក្រុមតែ១០ ណាហ្គាវើលដ៍ គ្រានោះធ្វើបានស្ទើរតែមិនគួរឲ្យជឿទៅហើយ ដោយក្រៅតែពីបន្តការមិនទទួលរងបរាជ័យនៅជុំទី១ ក្រុមនេះបានបន្តធ្វើបានបែបនេះរហូតដល់សប្ដាហ៍ទី១៦ ក្បែរនឹងបញ្ចប់លីគទៅហើយ ប៉ុន្តែរងបរាជ័យនៅសប្ដាហ៍ទី១៧ ក្រោមថ្វីជើងភ្នំពេញក្រោន ៤ទល់០ និងជាបរាជ័យតែមួយគត់របស់គេនៅក្នុងរដូវកាល២០១០ មុននឹងសប្ដាហ៍ចុងក្រោយ ( សប្ដាហទី១៨ ) បន្តឈ្នះ។

លទ្ធផលជុំទី១ របស់ណាហ្គាវើលដ៍ កាលពីឆ្នាំ២០១០៖

  • សប្ដាហ៍ទី១ ឈ្នះ ព្រែកប្រាកីឡា ( ៥ទល់០ )
  • សប្ដាហ៍ទី២ ឈ្នះ បៀលប្រាយយូណាយធីត ( ១ទល់០ )
  • សប្ដាហ៍ទី៣ ស្មើ ក្រសួងការពារជាតិ ( ២ទល់២ )
  • សប្ដាហ៍ទី៤ ស្មើ ស្វាយរៀង ( ២ទល់២ )
  • សប្ដាហ៍ទី៥ ឈ្នះ ឆ្មាខ្មៅ ( ០ទល់៦ )
  • សប្ដាហ៍ទី៦ ឈ្នះ គីរីវង់សុខសែនជ័យ ( ១ទល់២ )
  • សប្ដាហ៍ទី៧ ឈ្នះ ខេមរាកីឡា ( ០ទល់២ )
  • សប្ដាហ៍ទី៨ ឈ្នះ ឆ្លាមសមុទ្រ ( ៣ទល់១ )
  • សប្ដាហ៍ទី៩ ស្មើ ភ្នំពេញក្រោន ( ២ទល់២ )

ណាហ្គាវើលដ៍ បានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ១ ប៉ុន្តែកាលឆ្នាំ២០១០ មានការប្រកួតខ្វែងរវាងក្រុមកំពូល៤ ដែលរួមមាន ណាហ្គាវើលដ៍, បៀលប្រាយយូណាយធីត, ព្រះខ័នរាជ ( បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ) និងភ្នំពេញក្រោន យ៉ាងណាមិញ ជើងឯកគឺបានទៅលើ ភ្នំពេញក្រោន បន្ទាប់ពីបានយកឈ្នះ ព្រះខ័នរាជ នៅវគ្គផ្ដាច់ព្រ័ត្រ។

ឆ្នាំ២០១៨ លីគកំពូលកម្ពុជា ដែលមាន១២ក្រុម បឹងកេត បានក្លាយជាក្រុមទី២ នៅក្នុងលីគដែលប្រកួតនៅជុំទី១ មិនស្គាល់ពាក្យថាចាញ់ដូចគ្នា ពោលគឺប្រកួត ១១ដង ឈ្នះ៨ និងស្មើ៣។

លទ្ធផលជុំទី១ របស់បឹងកេត កាលពីឆ្នាំ២០១៨៖

  • សប្ដាហ៍ទី១ ឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ( ៣ទល់៤ )
  • សប្ដាហ៍ទី២ ឈ្នះ វេស្ទើនភ្នំពេញ ( ១ទល់៣ )
  • សប្ដាហ៍ទី៣ ឈ្នះ ប៉ូលីស ( ៥ទល់១ )
  • សប្ដាហ៍ទី៤ ស្មើ សូលទីឡូអង្គរ ( ១ទល់១ )
  • សប្ដាហ៍ទី៥ ឈ្នះ ក្រសួងការពារជាតិ ( ២ទល់០ )
  • សប្ដាហ៍ទី៦ ឈ្នះ ព្រះខ័នរាជស្វាយរៀង ( ៣ទល់១ )
  • សប្ដាហ៍ទី៧ ស្មើ អគ្គិសនីកម្ពុជា ( ១ទល់១ )
  • សប្ដាហ៍ទី៨ ឈ្នះ អង្គរថាយហ្គឺរ ( ៤ទល់០ )
  • សប្ដាហ៍ទី៩ ឈ្នះ ភ្នំពេញក្រោន ( ២ទល់៣ )
  • សប្ដាហ៍ទី១០ ស្មើ វិសាខា ( ១ទល់១ )
  • សប្ដាហ៍ទី១១ ឈ្នះ ណាហ្គាវើលដ៍ ( ៣ទល់២ )

ដោយឡែកសម្រាប់ឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀង ក្នុងលីគដែលមាន១៤ក្រុម ការប្រកួតជុំទី១ ត្រូវមានដល់ ១៣ប្រកួត ក្នុងនោះព្រះខ័នរាជស្វាយរៀង ប្រកួតឈ្នះ១០ និងស្មើ៣។

លទ្ធផលជុំទី១ របស់ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩៖

  • សប្ដាហ៍ទី១ ឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ( ២ទល់០ )
  • សប្ដាហ៍ទី២ ឈ្នះ សូលទីឡូអង្គរ ( ០ទល់១ )
  • សប្ដាហ៍ទី៣ ឈ្នះ គីរីសុខសែនជ័យ ( ០ទល់២ )
  • សប្ដាហ៍ទី៤ ឈ្នះ ភ្នំពេញក្រោន ( ៥ទល់១ )
  • សប្ដាហ៍ទី៥ ឈ្នះ អគ្គិសនីកម្ពុជា ( ០ទល់១ )
  • សប្ដាហ៍ទី៦ ស្មើ អង្គរថាយហ្គឺរ ( ១ទល់១ )
  • សប្ដាហ៍ទី៧ ឈ្នះ កំពង់ចាម ( ០ទល់១៣ )
  • សប្ដាហ៍ទី៨ ស្មើ បឹងកេត ( ២ទល់២ )
  • សប្ដាហ៍ទី៩ ឈ្នះ យុវជនបាទី ( ០ទល់៣ )
  • សប្ដាហ៍ទី១០ ឈ្នះ វិសាខា ( ៥ទល់៣ )
  • សប្ដាហ៍ទី១១ ឈ្នះ ក្រសួងការពារជាតិ ( ១ទល់២ )
  • សប្ដាហ៍ទី១២ ឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ( ០ទល់២ )
  • សប្ដាហ៍ទី១៣ ស្មើ ណាហ្គាវើលដ៍ ( ០ទល់០ )

សូមបញ្ជាក់ថា លីគកំពូលកម្ពុជា នៅសល់ពាក់កណ្ដាលផ្លូវទៀតដើម្បីរកក្រុមជើងឯក។ ជើងទី២ នៃលីគនឹងត្រលប់មកវិញនៅចុងសប្ដាហ៍នេះផងដែរ ហើយគ្រោងនឹងបញ្ចប់នៅចុងខែតុលា ឆ្នាំដដែលនេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់