មូលហេតុក្លឹបអ្នកមានចំណូលថ្មី ប្រសិទ្ធនាមថា «វិសាខា»

មាស សុផាណារ៉ុង July 1, 2019


 

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃសុក្រ កន្លងទៅ ក្លឹបបាល់ទាត់វិសាខា បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ ( Visakha fans meeting day ) ដើម្បីជាការដឹងគុណអ្នកគាំទ្រ ដោយមានការចូលរួមពីអ្នកគាំទ្រជាង ២០០នាក់ ក្រោមវត្តមានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ដែលប្រធានក្លឹបវិសាខា ហើយក្នុងឱកាសនោះ លោកជំទាវ ក៏បានទម្លាយការពិត ក្នុងការដាក់ឈ្មោះនេះផងដែរ។

ហេតុអ្វីទើបក្លឹប វិសាខា ដាក់ឈ្មោះមួយនេះ? លោកជំទាវ កែ សួនសុភី បានបញ្ជាក់ថា៖ «ហេតុអ្វីបានជាយើងដាក់ឈ្មោះ វិសាខា? វិសាខា គឺជាឈ្មោះកូនស្រីរបស់ខ្ញុំ ហើយនាងវិសាខា គឺជាបញ្ចពិធកល្យាណី ស្រ្ដីគ្រប់ល័ក្ខនាសម័យពុទ្ធកាល។ ដោយសារតែអំពើល្អ បរិសុទ្ធ និងជ្រះថ្លារបស់នាង ក្នុងវិស័យពុទ្ធសាសនា ទើបនាងវិសាខា មានសប្បុរការភ្លឺចែងចាំង និងសុខភាពល្អប្រពៃ។ ទាំងអស់នេះ ខ្ញុំចង់មានន័យថា ក្លឹបវិសាខារបស់យើង គឺប្រកួតប្រជែងដោយទឹកចិត្តបរិសុទ្ធ និងភ្លឺចែងចាំង ដោយភាពជោគជ័យ»។

ក្រៅតែពីមានឈ្មោះថា វិសាខា ហើយនោះ ក្លឹបនេះក៏មាន «សត្វសេះ» ជាសត្វតំណាងឲ្យក្លឹបផងដែរ នេះបើតាមការបញ្ជាក់ដោយក្លឹបផ្ទាល់។

ការរៀបចំកម្មវិធីខាងលើធ្វើឡើង ២ថ្ងៃមុន វិសាខា យកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ( ប៉ូលិស ) កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ នៅកីឡដ្ឋានវិសាខា ដែលជាការប្រកួតបញ្ចប់ជុំទី១ នៃលីគកំពូលកម្ពុជា។ ហើយក្នុងឱកាសនោះ លោកជំទាវ ក៏បានថ្លែងអំណរគុណ អ្នកគាំទ្រ ដែលបានចំណាយវិកា និងលះបង់ពេលវេលា ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តក្រុម ហើយរំពឹង ការគាំទ្រនេះ នឹងកើនឡើងបន្ថែមទៀត ដើម្បីជាកម្លាំងចិត្ត និងភាពជោគជ័យរបស់ក្រុមខ្លួន។

សូមបញ្ជាក់ថា ក្នុងរដូវកាលថ្មី ឆ្នាំ២០១៩ នេះ ក្រៅពីវិសាខា គេឃើញមានក្លឹបជាច្រើន សុទ្ធតែមានក្រុមអ្នកគាំទ្រ ឬ Ultra Fan របស់ខ្លួន ដូចជាក្លឹបភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ក្រសួងការពារជាតិ, អង្គរថាយហ្គឺរ និងក្លឹបសូលទីឡូអង្គរ ជាដើម ដែលចលនានេះត្រូវបានគេចាត់ទុកជាសញ្ញាណវិជ្ជមានមួយ ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន៕

 

រូបភាព៖ វិសាខា – Visakha Football Club

អត្ថបទ៖ បុត្រា

មតិយោបល់