ណាហ្គាវើលដ៏ ត្រូវការឈ្នះ ដ្បិតទទួលស្គាល់ព្រះខ័នរាជស្វាយរៀង ខ្លាំងតំបន់ប្រយុទ្ធ

មាស សុផាណារ៉ុង June 30, 2019


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្លឹបណាហ្គាវើលដ៏ បានដាក់គោលដៅយកឈ្នះក្លឹបព្រះខ័នរាជស្វាយរៀង ឲ្យខានតែបាន ក្នុងជំនួបសប្ដាហ៍ចុងក្រោយ ជើងទី១ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃអាទិត្យនេះ ទោះបីលោកទទួលស្គាល់តំបន់ប្រយុទ្ធរបស់ក្រុមម្ចាស់ផ្ទះឆ្នាំនេះខ្លាំងជាងឆ្នាំមុនក៏ដោយ។

ម្ចាស់ពានគ្រូបង្វឹកឆ្នើម ឆ្នាំ២០១៨ រូបនេះ បានសម្ដែងការសោកស្ដាយ កាលពីសប្ដាហ៍មុន ដែលមិនបានបញ្ជាកូនក្រុមផ្ទាល់លើទីលាន ព្រោះបញ្ហាសុខភាព ធ្វើឲ្យរបូត ៣ពិន្ទុទាំងសោកស្ដាយ បន្ទាប់ពីត្រូវវិសាខា វាយបកឈ្នះ ៣-២។ តែចុងសប្ដាហ៍នេះ លោកនឹងត្រឡប់មកដឹកនាំក្រុម ជាមួយការកែប្រែចំណុចខ្វះខាតមួយចំនួន ដើម្បីត្រៀមជួបព្រះខ័នរាជស្វាយរៀង។

លោកបាននិយាយថា៖ «ការប្រកួតនេះ មានការលំបាកដូចគ្នា សម្រាប់ក្រុមទាំងពីរ ព្រោះសមត្ថភាព គឺមានប្រហាក់ប្រហែលគ្នា។ តែតំបន់ខាងលើគេ (ព្រះខ័នរាជស្វាយរៀង) ឆ្នាំនេះ ល្អជាងឆ្នាំមុន អញ្ចឹងខ្ញុំគិតថា វាអាចជាផលលំបាកមួយសម្រាប់ក្រុមរបស់ខ្ញុំ»។ ទោះជាបែបនេះ ក៏ណាហ្គាវើលដ៏ មិនផ្ដោតលើការការពារដែរ។ លោកបន្ដថា «យើងត្រូវការជ័យជម្នះ ដើម្បីស្វែងរកចំណាត់ថ្នាក់ឲ្យបានល្អប្រសើរ ហេតុនេះយើងមិនផ្ដោតលើការពារនោះទេ»។

គួរដឹងថា គិតត្រឹមសប្ដាហ៍ទី១២ ក្នុងតារាងពិន្ទុ នៃលីគកំពូលកម្ពុជា ក្រុមទាំងពីរ កំពុងឈរលេខ១ និងលេខ២ ដោយខុសត្រូវគ្នា ៥ពិន្ទុ ក្នុងនោះព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងមាន ៣២ពិន្ទុ ជាមួយលទ្ធផល ១២ប្រកួតឈ្នះ១០ និងស្មើ២ មិនទាន់ស្គាល់ចាញ់ ខណៈណាហ្គាវើល ឈរលេខ២ មាន ២៧ពិន្ទុ ជាមួយលទ្ធផល ១២ប្រកួតឈ្នះ៩ និងចាញ់ ៣។ ដូច្នេះថ្ងៃអាទិត្យនេះ គឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ដែលសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន៕

 

អត្ថបទ៖ បុត្រា

មតិយោបល់