គ្រូវិសាខា ដាក់លិខិតតវ៉ា CNCC បន្ទាប់ពីផ្លាស់ប្ដូរកម្មវិធីប្រកួតកៀកៗគ្នា

មាស សុផាណារ៉ុង June 27, 2019


 

ភ្នំពេញ៖ ដោយកើតទុក្ខមិនសុខចិត្ត ចំពោះការផ្លាស់ប្ដូរកម្មវិធីប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ វគ្គ១៦ក្រុមចុងក្រោយ ធ្វើឲ្យកៀកគ្នាជាមួយនឹងកម្មវិធីប្រកួតលីគកំពូលកម្ពុជា ក្លឹបវិសាខា បានដាក់លិខិតមួយទៅគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ដើម្បីតវ៉ាកាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការបញ្ជាក់របស់លោក ហុក សុជីវ័ន គ្រូបង្វឹកវិសាខា។

លោក ហុក សុជីវ័ន បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយយកឈ្នះណាហ្គាវើលដ៍ ៣-២ ថា៖ «មកដល់ពេលនេះ យើងបានចេញលិខិតមួយ ទៅខាង CNCC ដែលគាត់បានរៀបចំកម្មវិធីមួយ មិនបានយកចិត្តទុកដាក់ ការធ្វើដំណើរ ការសម្រាករបស់ក្រុមមួយទៀត។ កម្មវិធីប្រកួតរបស់ខ្ញុំ បើតាមការចាប់ឆ្នោត ត្រូវលេងនៅលេខរៀងទី២។ ប៉ុន្ដែគាត់ជាក្លឹបមួយ ហើយគាត់ធ្វើការនៅកន្លែងមួយ អ្នករៀបចំការប្រកួត គាត់យកក្លឹបរបស់គាត់ មកដាក់លេខរៀងទី២ វិញ។ អញ្ចឹងពួកខ្ញុំ ក៏ត្រូវធ្វើការតវ៉ាតាមហ្នឹងដែរ យើងបានធ្វើលិខិតទៅ ដើម្បីដោះដូរការប្រកួត»។

យ៉ាងណាមិញមកទល់ពេលនេះ គេពុំទាន់ឃើញមានចំណាត់ការអ្វី ឬការផ្លាស់ប្ដូរកម្មវិធីប្រកួតពានសម្ដេចតេជោ ហ៊ុន សែន នោះទេ។ ប៉ុន្ដែបើតាមការបញ្ជាក់របស់គ្រូបង្វឹកដដែល បានសង្កត់ធ្ងន់ថា «បើសិនគ្មានដំណើរស្រាយ យើងនៅតែតវ៉ា ហើយបើគេគ្មានការផ្លាស់ប្ដូរឲ្យយើងទេ យើងនឹងប្រជុំសម្រេចពីគណៈដឹកនាំក្លឹបថា យើងចូលរួមកម្មវិធីហ្នឹងអត់? ឬមួយបន្ដសកម្មភាពទៀតឬក៏អត់? ព្រោះរាល់ថ្ងៃ ពួកគាត់រៀបចំកម្មវិធីមួយ អត់ដែលខ្វល់ពីក្លឹបផ្សេងទេ គាត់ធ្វើម៉េចឲ្យតែក្លឹបគាត់ស្រួលតែប៉ុណ្ណឹង»។

គ្រូបង្វឹកកាន់សញ្ញាបត្រ A-License រូបនេះ បានបន្ថែមថា «ធម្មតាក្រោយប្រកួតចប់ជើងទី១ អ្នកលេងហើយត្រូវលេងតទៀត នេះអត់ទេ ពួកខ្ញុំលេងចប់ហ្នឹង ខ្ញុំធ្វើដំណើរ ៣០០-៤០០គីឡូម៉ែត្រ បកមកវិញ ៣០០-៤០០គីឡូម៉ែត្រ មកលេង ១ប្រកួតទៀត។ ទាំងអស់ ៤ប្រកួតក្នុងរយៈពេល ១០ថ្ងៃ ហើយខ្ញុំធ្វើដំណើរទៅសៀមរាបផង ធ្វើឲ្យប៉ះពាល់ក្លឹបខ្ញុំ។ អញ្ចឹងវាអត់ត្រូវខ្ញុំលេងសប្ដាហ៍ហ្នឹងហើយ ត្រូវលេងទៀតទេ ក្នុងកម្មវិធីថ្មី ថ្ងៃទី០៤ Hun Sen Cup ថ្ងៃទី១០ Hun Sen Cup ហើយចន្លោះហ្នឹង ថ្ងៃទី៣០ (មិថុនា) ខ្ញុំលេងលីគជាមួយប៉ូលិស ហើយថ្ងៃទី០៧ (កក្កដា) ខ្ញុំធ្វើដំណើរទៅលេងជាមួយសូលទីឡូអង្គរ នៅសៀមរាប»។

លោក ហុក សុជីវ័ន បានចាត់ទុកការផ្លាស់ប្ដូរកម្មវិធីបែបនេះ គឺមិនយុត្តិធម៌សម្រាប់ក្រុមខ្លួនឡើយ។ លោកថា «កម្មវិធីរៀបចំបែបនេះ វាមិនមានលក្ខណៈមួយស្មើភាព ។ គាត់អ្នករៀបចំកម្មវិធី គាត់គួរតែមើលការរៀបចំកម្មវិធីនេះឡើងវិញ»៕

 

អត្ថបទ៖ បុត្រា

មតិយោបល់