ចាន់ វឌ្ឍនាកា មិនទាន់ផ្ដោតស្បែកជើងមាស តែចង់រកជ័យជម្នះឲ្យក្រុមសិន

មាស សុផាណារ៉ុង June 27, 2019


 

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញវត្តមានលើកដំបូងឲ្យក្រុមបឹងកេត ចាន់ វឌ្ឍនាកា បានបំប៉ោងសំណាញ់ទីគូប្រកួត ៣គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៦-០ លើក្រុមម្ចាស់ផ្ទះខេត្តសៀមរាប កាលពីម្សិលមិញ ដែលជាការប្រកួតជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ វគ្គជម្រុះ ១៦ក្រុមចុងក្រោយ។

ប៉ុន្ដែទន្ទឹមជាមួយការធ្វើបាន Hat-Trick ក្រោយចែកផ្លូវជាមួយក្លឹបលីគកំពូលម៉ាឡេស៊ី PKNS នេះដែរ វឌ្ឍនាកា បានលើកឡើងថា ខ្លួនមិនទាន់ផ្ដោតលើស្បែកជើងមាសនោះទេ គឺចង់ស្វែងរកជ័យជម្នះជូនក្រុមសិន។

ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ និយាយយ៉ាងខ្លីថា «ខ្ញុំមិនទាន់គិតថា ឈ្នះស្បែកជើងមាសម្ដងទៀតឡើយ ។ អ្វីដែលសំខាន់ គឺជួយក្រុមទទួលបានជ័យជម្នះ។»

គួរដឹងថា បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង ដោយជួយក្រុមបឹងកេត យកឈ្នះខេត្តសៀមរាប ៦-០ ចាន់ វឌ្ឍនាកា មិនទាន់បង្ហាញខ្លួនក្នុងលីគចុងសប្ដាហ៍នេះបានទេ ព្រោះជាការប្រកួតបញ្ចប់ជុំទី១។ ប៉ុន្ដែសប្ដាហ៍ក្រោយ ទើបគេអាចចូលរួមជួយក្រុមបឹងកេតបាន ដែលជាការប្រកួតជុំទី២ ពោលគឺក្រោយបឹងកេត ប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃទី៣០ ខែមិថុនាចុងសប្ដាហ៍នេះ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់