ភ្នំពេញក្រោន បន្ថែមសមាជិកថ្មីទី២ ជាកីឡាករកូនកាត់ខ្មែរបារាំង

មាស សុផាណារ៉ុង June 26, 2019


 

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបង្ហាញសមាជិកថ្មីទី២ របស់ខ្លួន សម្រាប់ជើងទី២ នៃលីគកំពូលម្ពុជា ពោលគឺកីឡាករកូនកាត់ខ្មែរបារាំង ដែលធ្លាប់ប្រកបអាជីពជាមួយក្លឹបនៅលីគពាក់កណ្ដាលអាជីពរបស់ប្រទេសបារាំង។

កីឡាករថ្មីនេះមានឈ្មោះថា សេង សារ៉ាវុធ្ធ ដែលនឹងលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ បច្ចុប្បន្នមានវ័យ២៥ឆ្នាំ ហើយនឹងងក្លាយជាម្ចាស់អាវលេខ៩ ថ្មីរបស់ក្លឹប។

កីឡាករដែលមានឈ្មោះហៅក្រៅ Abey រូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០០៩ ជាមួយនឹងក្រុម FC Argentan ដែលលេងក្នុងកម្រិតអាយុក្រោម១៧ឆ្នាំ រហូតដល់ឆ្នាំ២០១៤ រូបគេបានផ្លាស់ទៅលេងនៅ US Alencon (Honneur Division) នៅឆ្នាំ២០១៥-២០១៦ លេងនៅក្លឹប As Sarceaux (Honneur Division) នៅឆ្នាំ២០១៦-២០១៨ បានលេងនៅក្លឹប AS Version នឹងចំណាយពេលកន្លះឆ្នាំនៅក្លឹប FC Caen Sud Ouest (Divison 3)។

តាមគម្រោងកីឡាកររូបនេះ នឹងអាចបង្ហាញខ្លួនចាប់ពីជុំទី២ នៃលីគកំពូលកម្ពុជា ខណៈនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រូបគេអាចចាប់ផ្ដើមបង្ហាញខ្លួននៅថ្ងៃស្អែកផងដែរ ក្នុងជំនួបរវាងភ្នំពេញក្រោន ជាមួយ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម នាកីឡដ្ឋាន ស្មាត អអេសអិន។

សេង សារ៉ាវុធ្ធ គឺជាសមាជិកខ្មែរទី២ ហើយដែលនាំក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលមួយនេះនាំចូលមករួមក្រុមបន្ទាប់ពីកីឡាករ សុខ សុវណ្ណ ដែលទើបតែផ្ទេរចូលកាលពីសប្ដាហ៍មុន ពីក្លឹបវិសាខា ក្នុងលក្ខខណ្ឌខ្ចីជើង៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់