ផ្លូវការ! អង្គរថាយហ្គឺរ និង ក្លឹបគីរីដងរែក រួមគ្នាបង្កើតក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ

មាស សុផាណារ៉ុង June 26, 2019


 

សៀមរាប៖ ក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តសៀមរាបតែមួយ អង្គរថាយហ្គឺរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ក្លឹបបាល់ទាត់គីរីដងរែក ក្នុងការរួមបញ្ចូលគ្នាតែមួយដើម្បីបង្កើតក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ដោយបានប្រើប្រាស់ឈ្មោះថា «អង្គរថាយហ្គឺរគីរីដងរែកអាយុក្រោម ១៨ឆ្នាំ» នេះបើតាមការបញ្ជាក់នៅលើវិបសាយផ្លូវការរបស់ក្លឹបនាព្រឹកនេះ។

តាមការបញ្ជាក់នៅលើវិបសាយផ្លូវការរបស់ក្លឹបដដែលបានបន្ថែមថា អង្គរថាយហ្គឺរគីរីដងរែកអាយុក្រោម ១៨ឆ្នាំ បានចាប់ផ្តើមប្រមូលផ្តុំជាលើកដំបូងកាលពីម្សិលមិញ ដើម្បីត្រៀមចូលរួមយុទ្ធនា​ការ​ការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលការប្រកួតនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

ជាមួយគ្នានេះផងដែរ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ ក្លឹបទាំងពីរនឹងបណ្តុះបណ្តាលយុវជនរបស់ខ្លួន អោយកាន់តែមានគុណភាព និងមាន សមត្ថភាពដើម្បីក្លាយខ្លួនជាកីឡាករអាជីពនៅថ្ងៃអនាគត។ លើសពីនេះទៅទៀត ពួកគេក៏មានគម្រោងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៏តំបន់ភាគខាងជើងនៃប្រទេសកម្ពុជា និងកីឡាបាល់ទាត់ខេត្តសៀមរាប តាមរយៈការផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដល់ ក្លឹបបាល់ទាត់ គីរីដងរែក នេះផងដែរ។

គួរដឹងដែរថា ក្លឹបបាល់ទាត់គីរីដងរែក ដែរជាសាលាហឹ្វកហាត់បាល់ទាត់មានដើមកំណើតក្នុងខេត្តសៀមរាប យូរណាស់មកហើយនោះ បានបណ្ដុះកីឡាករវ័យក្មេងៗជាច្រើ និងមានទេពកោសល្យ ជាក់ស្តែង កីឡាករអង្គរថាយហ្គឺរជាច្រើនដូចជាកីឡាករ ថន សីហា, ពេជ្រ សុវណ្ណាខេមរិន្ទ្រ, តាំង ពិសី, ហម បញ្ញា, លី វាសនា, ស៊ឹង ណារិទ្ធិ និង ឈង់ ប៊ុនណាត ជាដើមសុទ្ធសឹងតែធ្លាប់ជាថ្នាលយុវជន របស់ក្លឹបបាល់ទាត់ នេះផងដែរ៕

 

អត្ថបទពាក់ព័ន្ធ៖ សេចក្ដីប្រកាសពីការប្រកួត ពានរង្វាន់យុវជនអាយុក្រោម ១៦, ១៨ឆ្នាំ

 

រូបភាព៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ

អត្ថបទ៖ ណារ៉ុង

មតិយោបល់