អ៊ន ចាន់ប៉ូលីន និង ជួន ចាន់ចាវ បន្តកិច្ចសន្យាជាមួយភ្នំពេញក្រោនព្រោះចង់សងគុណថ្នាក់ដឹកនាំ និងដើម្បីអ្នកគាំទ្រ

នូ មករា June 26, 2019


ភ្នំពេញ៖ សមាជិកវ័យក្មេងរបស់ក្រុមភ្នំពេញក្រោន ២រូបគឺកីឡាករ អ៊ន ចាន់ប៉ូលីន និង ជួន ចាន់ចាវ បានសម្រេចអនាគតរបស់ខ្លួនដោយបន្តកិច្ចសន្យាថ្មីរួមរស់ជាមួយក្លឹបជើងឯក ៦សម័យកាលនេះរហូតដល់ឆ្នាំ២០២២តែម្តង ស្របពេលខ្សែបម្រើកណ្តាលទាំង២រូបនេះបានបន្តកិច្ចសន្យាថ្មីនេះ ពួកគេក៏បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ថានឹងជួយក្លឹបដើម្បីឈ្នះជើងឯកក៏ដូចជាទទួលបានលទ្ធផលល្អនារដូវកាលនេះ និងពេលខាងមុខជាបន្តទៀត។

កីឡាករ អ៊ន ចាន់ប៉ូលីន វ័យ២១ឆ្នាំ បាននិយាយថា៖ «សម្រាប់ការបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២២ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែលបានរួមរស់ជាមួយក្លឹបភ្នំពេញក្រោនបន្តទៀត មូលហេតុគឺខ្ញុំធំធាត់នៅទីនោះ បូករួមការសប្បាយចិត្តរស់នៅក្នុងទីនេះ»។ រូបគេបានបន្ថែមថា៖ «សម្រាប់ខ្ញុំនៅតែមានជំនឿចិត្តសម្រាប់ថ្នាក់ដឹកនាំ គ្រូបង្វឹកទាំងអស់ ថាយើងអាចក្លាយជាជើងឯកបាន ហើយក៏សូមអរគុណដល់អ្នកគាំទ្រ ទោះបីយើងនៅស្ថានភាពណាក៏ដោយក៏ពួកគេតែងតែនៅពីក្រោយយើងរហូត ជាពិសេសនោះអរគុណដល់ថ្នាក់ដឹកនាំ​ គ្រូបង្វឹក បុគ្គលិក និងមិត្តរួមក្រុម តែងតែងព្យាយាមរួមសហការគ្នា និងធ្វើការកន្លងមក»

ចំពោះកីឡាករ ជួន ចាន់ចាវ វិញបានបញ្ជាក់ថា៖ «មានអារម្មណ៍ថាសប្បាយដែលបាននៅក្លឹបមួយល្អជាងគេនៅកម្ពុជាហើយមានអ្នកគាំទ្រដ៏អស្ចារ្យ ហើយហេតុផលគឺដើម្បីឈ្នះពានជាមួយក្លឹបភ្នំពេញក្រោន និងការចិញ្ចឹមបីបាច់តាំងពីតូច អុីចឹងយើងត្រូវតែតបស្នងសងគុណវិញ»។ រូបគេបានបន្តថា៖ «រដូវកាលនេះយើងរំពឹងថាមានចំណាត់ថ្នាក់ល្អ ប៉ុន្តែក៏មិនហ៊ានរំពឹងខ្ពស់ពេកដែរ យ៉ាងណាក៏ដោយថ្នាក់ដឹកនាំតែងលើកទឹកចិត្តយើង ជំរុញយើង ឱ្យយើងបន្តលេងជាមួយក្លឹបទៀត»។

អត្ថបទ៖ មករា
ប្រភព៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន

មតិយោបល់