Conor បង្ហើបពីក្ដីមិនសូវពេញចិត្តចំពោះកូនក្រុម បើទោះបីយកបាន ៣ពិន្ទុ ពីអាស៊ីអឺរ៉ុប

មាស សុផាណារ៉ុង June 26, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានសម្ដែងការសូវពេញចិត្ត ចំពោះកូនក្រុមរបស់ខ្លួននោះទេ បើទោះបីពួកគេ បានយកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីត ២ទល់០ ដើម្បីពង្រឹងកៅអីកំពូលតារាង នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១២ កាលពីចុងសប្ដាហ៍កន្លងទៅក៏ដោយ។

ឆ្លើយតបនឹងសំណួរ តើលោកសប្បាយចិត្ត ចំពោះកូនក្រុមដែរឬទេ បន្ទាប់ពីរកបាន ៣ពិន្ទុ ដើម្បីរក្សាកៅអីកំពូលតារាង? លោក Conor បាននិយាយថា៖ «អត់ទេ ខ្ញុំគិតថា ពួកយើងលេងនៅក្នុងតង់ទីមួយ គឺមានកម្រិតនៅឡើយ។ ហើយប្រសិនបើពួកយើងបន្ដធ្វើវាបែបនេះ នៅក្នុងការប្រកួតបន្ទាប់ទៀតនោះ ពួកយើងប្រាកដជាមិនទទួលបានលទ្ធផលល្អនោះទេ»។ ការអះអាងបែបនេះ ដោយសារលោកមើលឃើញចំណុចខ្វះខាតរបស់កូនក្រុម តែលោកមិនបានបញ្ជាក់ច្បាស់លាស់ទេ។

លោកបន្ដថា៖ «ពួកយើងបានរៀនពីមេរៀនជាច្រើនក្នុងការប្រកួតនេះ ពួកយើងនឹងរៀនពីវាឲ្យបានឆាប់រហ័ស ពីព្រោះយើងនៅមានការប្រកួតពីរផ្សេងទៀត នាពេលខាងមុខ។ ហើយបើសិនពួកយើងមិនរៀនសូត្រពីចំណុចខ្វះខាតទាំងអស់របស់ខ្លួនឯងនោះទេ ពួកយើងប្រាកដជាចាញ់ការប្រកួតក្នុងលីគ»។

គួរដឹងថា ក្រោយយកឈ្នះអាស៊ីអឺរ៉ុប ក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិអៀកឡង់មួយនេះ មាន ២ប្រកួតទៀត ក្នុងសប្ដាហ៍នេះ ពោលគឺក្រុមជម្រើសខេត្តត្បូងឃ្មុំ ក្នុងជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ វគ្គ ១៦ក្រុមចុងក្រោយ នាថ្ងៃទី២៧ ខែមិថុនាស្អែក បន្ទាប់មកព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះក្រុមណាហ្គាវើល ដើម្បីបញ្ចប់ជុំទី១ នៃលីគកំពូលកម្ពុជា នាថ្ងៃទី៣០ ខែមិថុនាខាងមុខ៕

 

រូបភាព៖ អាសុីអឺរ៉ុប យូណាយធីត – AEU

អត្ថបទ៖ បុត្រា

មតិយោបល់