ក្លឹបបាល់ទាត់ខេត្តកំពង់ចាម បង្ហាញសមាសភាពកីឡាករថ្មី ៤រូប សម្រាប់ជើងទី២ នៃលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង June 25, 2019


 

កំពង់ចាម៖ សមាជិកថ្មីនៃលីគកំពូលកម្ពុជា ក្លឹបបាល់ទាត់ខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះទើបតែធ្វើការប្រកាសពីការបង្ហាញសមាសភាពកីឡាករបរទេសថ្មី ចំនួន៤រូប ដែលក្លឹបទើបតែនាំចូលមកជំនួសកីឡាករបរទេសចាស់ ៤នាក់ដែលបានចាកចេញ ដើម្បីត្រៀមប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា បន្ទាប់ពីមានបញ្ហាច្រើននៅជើងទី១។

យោងតាមការបង្ហើបឲ្យដឹងពីខាងក្លឹបដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម ផ្ទាល់មួយនេះបានប្រកាសបង្ហាញកីឡាករបរទេសចំនួន ៤រូប ក្នុងនោះ ៣រូបជាកីឡាករមកពីទ្វីបអាហ្រ្វិក និង១រូប ទៀតជាកីឡាកអាស៊ីជនជាតិជប៉ុន រួមមាន៖

ទី១៖ កីឡាករសញ្ជាតិហ្គាណា ឈ្មោះថា Emmanuel kwesi Adu លេងក្នុងតួនាទីជាខ្សែការពារកណ្ដាល និងអាចលេងក្នុងតួនាទីបម្រើការេពារ ផងដែរ បច្ចុប្បន្នទ់បតែមានវ័យ ២៥ឆ្នាំ និងធ្លាប់លេងជាមួយក្លឹប Samutprakan FC នៅលីគបាល់ទាត់ថៃ ( កាលពី ឆ្នាំ២០១៦-២០១៧ )។

ទី២៖ កីឡាករ Jean Bertand Cheick Ismael Toa សញ្ជាតិហ្គាណា ដូចគ្នា និងមានវ័យទើបតែ២៤ឆ្នាំ។ កីឡាកររូបនេះលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ និងអាចលេងក្នុងតំណែងជាខ្សែបម្រើស្លាប បានផងដែរ។

ទី៣៖ កីឡាករសញ្ជាតិជប៉ុន មានឈ្មោះថា Shoya Aso តួនាទីជាអ្នកចាំទី មានវ័យទើបតែ២៤ឆ្នាំ។

ទី៤៖ គឺកីឡាករ Nwankwo Chika Junior មានសញ្ជាតិនីហ្សេរីយ៉ា និងទើបតែមានវ័យ២៥ឆ្នាំ លេងក្នុងតួនាទីជាខ្សែការពារ។ កីឡាកររូបនេះក៏ធ្លាប់ជាសមាជិករបស់ក្លឹបបាល់ទាត់វេស្ទើនភ្នំពេញ ផងដែរ ( បច្ចុប្បន្នត្រូវបានផ្អាកដំណើរការក្លឹបបណ្ដោះអាសន្ន )។

ដោយឡែកកីឡាករបរទេស ១រូបគឺ ជាសមាជិកចាស់ កីឡាករ Osei Tutu ដែលបន្តរួមរស់ជាមួយក្លឹប ស្របពេលដែលកីឡាករ ៤នាក់ដែលចាកចេញរួមមានកីឡាករ Onar Ibrahim Abdelkhalek Sayed Ahmed វ័យ២២ឆ្នាំ និងកីឡាករ Adnam Abdelrahin Fawzy Elebiary វ័យ២៦ឆ្នាំ ទាំងពីររូបជាកីឡាករសញ្ជាតិអេហ្ស៊ីប និងចុងក្រោយគឺកីឡាករសញ្ជាតិជប៉ុន Kenjiro Ogino ដែលជាអតីតរបស់ក្លឹបអាស៊ីអឺរ៉ុបយូណាយធីត និងអង្គរថាយហ្គឺរ។

សូមបញ្ជាក់ថា កីឡាករថ្មីទាំង ៤រូបនេះ នឹងអាចបង្ហាញខ្លួនបាននៅលីគកំពូលកម្ពុជា ចាប់ពីជើងទី២ តទៅ ពោលគឺនៅសប្ដាហ៍ទី១៤។ ពួកគេនឹងចូលមកស្រោចស្រង់ស្ថានការណ៍ក្រុមដែលបច្ចុប្បន្នកំពុងស្ថិតនៅបាតតារាងនៃលីគ ដោយប្រកួត ១២ប្រកួតកន្លងមក ឈ្នះតែ១ ប្រកួតគត់ និងចាញ់ ១១ប្រកួត ហើយរបូតគ្រាប់បាល់ដល់ទៅ ១១៤គ្រាប់ ពុំធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនៃលីគកំពូលកម្ពុជា៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ណារ៉ុង

មតិយោបល់