លីគយុវជន U-18 ត្រូវបានលុបចោល ជំនួសវិញដោយពានរង្វាន់យុវជនអាយុក្រោម ១៦, ១៨ឆ្នាំ

មាស សុផាណារ៉ុង June 25, 2019


 

ភ្នំពេញ៖ ការរៀបចំការប្រកួតលីគយុវជនអាយុក្រោម១៨ឆ្នាំ ( CNCC U-18 Youth League ) រៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា សម្រាប់ក្លឹបដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ទាំង១៤ ដែលមានគម្រោងកាលពីពាក់កណ្ដាលខែឧសភា កន្លងមកនេះត្រូវបានលុបចោលវិញហើយ ដោយជំនួសមកវិញដោយពានរង្វាន់យុវជនអាយុក្រោម ១៦, ១៨ឆ្នាំ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្ទាល់តែម្ដង។

យោងតាមសេចក្ដីប្រកាសឲ្យដឹង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានសម្រេចឲ្យមានការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ និង១៨ឆ្នាំ ដែលបើអនុញ្ញាតិឲ្យគ្រប់បណ្ដាលក្លឹបដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ទាំង២៥ ចូលរួមដាក់ពាក្យប្រកួត សម្រាប់ឆ្នាំ២០១៩។

តាមគម្រោងការប្រកួតមិនមែនជាការប្រកួតវិលជុំសន្សំពិន្ទុឡើយដូចរូបមន្តលីគឡើយ ដ្បិតចំនួនក្រុមចូលរួមគឺអាចនឹងមានច្រើន បើសិនជាមានការចូលរួមគ្រប់ក្រុមទាំងអស់។ ឧទាហរណ៍ ក្រុមពីលីគកំពូលកម្ពុជា ចំនួន១៤ក្រុម បូកជាមួយក្រុមពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ទាំង២៥។ ដោយឡែកសម្រាប់ការប្រកួតគឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ តទៅ។

ខាងក្រោមគឺជាសេចក្ដីជូនដំណឹងទាំងស្រុង៖

 

គួររំលឹកផងដែរថា កាលពីពាក់ខែឧសភា គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា ( CNCC ) បានប្រកាសពីការរៀបចំការប្រកួតលីកយុវជនអាយុក្រោម១៨ឆ្នាំ សម្រាប់ក្លឹបដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ទាំង១៤ ដោយបានជូនដំណឹងដល់ក្លឹបទាំង១៤ នៅលីគកំពូលកម្ពុជា ដែលមានយុវជនអាយុក្រោម១៨ឆ្នាំ កើតនៅចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ រៀបចំលក្ខណៈសម្បត្តិ និងបំពេញទម្រង់ពាក្យចូលរួមប្រកួតពានរង្វាន់ខាងលើនេះ។

ពានរង្វាន់នោះ ក៏គ្រោងនឹងធ្វើឡើងពីថ្ងៃទី០៦ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែតុលា ដោយនឹងធ្វើការប្រកួតនៅរាជធានីភ្នំពេញ និងតែមួយជុំប៉ុណ្ណោះ ពុំមានការផ្លាស់ប្ដូរទឹកដី ( ក្នុងផ្ទះ និងក្រៅផ្ទះ ) ឡើយ។

លើសពីនេះពានរង្វាន់ដែលគ្រោងនឹងរៀបចំមុននេះ គឺស្ទើរតែជាលើកដំបូងផងដែរ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា ( CNCC ) រៀបចំឲ្យមានការប្រកួតបែបនេះឡើង ដ្បិតកន្លងមកមានតែប្រកួតដែលមិនមានយុវជនពីក្លឹបដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ចូលរួមនោះឡើយ ( ជាការប្រកួតដែលមានចម្រុះទាំងយុវជនពីតាមបណ្ដាលខេត្ត លាយឡំជាមួយយុវជនរបស់ក្លឹប ) ឬការប្រកួត ( ដែលមានតែយុវជនពីតាមបណ្ដាលខេត្ត សំដៅលើសាលាបាល់ទាត់តម្រង់ទិស ២៥រាជធានី-ខេត្ត ) ខណៈលើកនេះកំណត់ឲ្យតែយុវជនដែលមានក្លឹបរបស់ខ្លួនប្រកបអាជីពនៅលីគកំពូលកម្ពុជាប៉ុណ្ណោះ ខណៈពានរង្វាន់ចុងក្រោយដែលសម្រេចនេះគឺជាការប្រកួតលាយជម្រុះយុវជនដដែល៕

 

អត្ថបទពាក់ព័ន្ធ៖ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា បង្កើតលីគយុវជនអាយុក្រោម១៨ឆ្នាំ

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា / Phnom Penh Crown Academy

អត្ថបទ៖ ណារ៉ុង

មតិយោបល់