ចាន់ វឌ្ឍនាកា នឹងបង្ហាញវត្តមានក្នុងជម្រើស ១១នាក់ដំបូង នៃពាន Hun Sen Cup ស្អែកនេះ

មាស សុផាណារ៉ុង June 25, 2019


 

ភ្នំពេញ៖ ការទន្ទឹងរង់ចាំ និងចង់ឃើញនូវការបង្ហាញសមត្ថភាពជាថ្មីរបស់កីឡាករ ចាន់ វឌ្ឍនាកា បានមកដល់ហើយ ដោយខ្សែប្រយុទ្ធដ៏មានប្រជាប្រិយរូបនេះ នឹងដើរតួជាកីឡាករដ៏សំខាន់ ក្នុងជំនួបរវាងក្លឹបបឹងកេត ប៉ះក្រុមម្ចាស់ផ្ទះ ខេត្តសៀមរាប នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ នារសៀលថ្ងៃទី២៦ ខែមិថុនាស្អែកនេះ នៅកីឡដ្ឋានស្វាយធំ។

លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានឲ្យដឹងថា ចាន់ វឌ្ឍនាកា នឹងបង្ហាញវត្តមានលើកដំបូង ក្នុងជំនួបជាមួយក្រុមខេត្តសៀមរាបស្អែកនេះ បន្ទាប់ពីរូបគេ ត្រឡប់មកចូលរួមជាមួយក្លឹប ហើយក៏ជាកីឡាករសំខាន់ ដែលត្រូវជួយក្រុមផងដែរ ដោយសារកីឡាករមួយចំនួន ត្រូវបានលោកឲ្យសម្រាក បន្ទាប់ពីបឹងកេត ប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ កាលពីចុងសប្ដាហ៍កន្លងទៅ។

លោកថា «ពិតណាស់ស្អែកនេះ វឌ្ឍនាកា គាត់នឹងលេង ក្នុងជម្រើស ១១នាក់ដំបូង ព្រោះគាត់ត្រូវដើរតួរជាកីឡាករសំខាន់ ក្នុងការជួយក្រុម ព្រោះកីឡាករមួយចំនួន ខ្ញុំបានឲ្យសម្រាក ដូចជា ឃួន ឡាបូរ៉ាវី ជាដើម ព្រោះពួកគាត់ទើបប្រកួតជាមួយសូលទីឡូអង្គរ កាលពីថ្ងៃអាទិត្យ។ ខ្ញុំជឿជាក់ វឌ្ឍនាកា គាត់នឹងធ្វើបានល្អ ព្រោះគុណភាព ចលនា និងការបញ្ចប់ទី ពេលហ្វឹកហាត់គាត់ធ្វើបានល្អ។ តែយ៉ាងណា យើងចាំមើលជាក់ស្ដែង ព្រោះទីលាន គឺជាឧបសគ្គមួយ ក្នុងការបញ្ចប់ទី»។

ជាមួយការវិលត្រឡប់មកជួយបឹងកេត ក្រោយចែកផ្លូវគ្នាជាមួយក្លឹប PKNS របស់ម៉ាឡេស៊ី លោក ហៅ សុជាតិ រំពឹងថា ចាន់ វឌ្ឍនាកា នឹងក្លាយជាកម្លាំងដ៏សំខាន់ ដើម្បីជួយក្រុម ហើយកីឡាកររហស្សនាម CV-11 រូបនេះ អាចក្លាយជាបេក្ខភាពស្បែកជើងមាសទៀតផង។

ជាក់ស្ដែងប៉ះខេត្តសៀមរាបស្អែកនេះ បើសិនមិនមានឧបសគ្គទីលាន លោកជឿជាក់ វឌ្ឍនាកា នឹងអាចករកបានច្រើនគ្រាប់។ ប៉ុន្ដែយ៉ាងណាលោកក៏សម្ដែងការគោរពខេត្តសៀមរាបដែរ ដ្បិតពួកគេ ទើបឈ្នះជើងឯករងពានថ្នាក់ខេត្ត។

សូមបញ្ជាក់ថា ក្រោយបរាជ័យក្នុងអាជីបបាល់ទាត់ នៅលីគកំពូលម៉ាឡេស៊ីជាលើកទី២ កាលពីពេលថ្មីៗ ចាន់ វឌ្ឍនាកា បានបដិសេធក្លឹបមួយចំនួននៅទីនោះ ហើយសម្រេចត្រឡប់មកចូលរួមជាមួយទ្រនំចាស់វិញ ដោយបានចុះកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្លឹបបឹងកេត។ ហើយកូនប្រុសរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ នឹងបានចូលរួមការប្រកួតផ្លូវការរបស់បឹងកេត ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា ជុំទី២ នាពេលឆាប់ៗខាងមុខ៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់