ភ្នំពេញក្រោន បញ្ចេញកីឡាករបរទេស ១រូប និងម្នាក់ទៀតបន្តកុងត្រារហូតដល់ឆ្នាំ២០២០

មាស សុផាណារ៉ុង June 24, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះបានធ្វើការប្រកាសជុំវិញសមាសភាពកីឡាករបរទេសរបស់ខ្លួន ដោយមានម្នាក់ត្រូវចាកចេញពីក្លឹប និងម្នាក់ទៀតបានបន្តកិច្ចដល់ឆ្នាំ២០២០។

កីឡាករដែលចាកចេញ គឺកីឡាករជប៉ុន Shuhei Mitsuhashi បានសម្រេចចិត្តចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងហេតុផលផ្ទាល់ខ្លួនមួយចំនួន ក្រោយរូបគេបានបង្ហាញខ្លួនជាមួយក្លឹបបាន៩ប្រកួត ដោយឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន បានសម្រេចមិនលើកបង្ហាញមូលហេតុទាំងនោះឡើយ។

Shuhei Mitsuhashi បានក្លាយជាកីឡាករបរទេសទី៥ សម្រាប់រដូវកាលនេះ ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន សម្រេចបញ្ចប់កុងត្រាមុនកាលកំណត់នៅជើងទីត្រឹមជើងទី១ បន្ទាប់ពីកីឡាករសញ្ជាតិកូរ៉េខាងត្បូង Tae Woong Kim ( តាំងពីមុនលីគចាប់ផ្ដើម ដោយសារបញ្ហារបួស ) និងកីឡាករ Darlan Martins ( បញ្ចប់កិច្ចសន្យាកាលពីសប្ដាហ៍ទី២ ដោយសារបញ្ហារបួសដូចគ្នា ) កីឡាករ Jhonata Sant’anna Da Silva ( រងរបួសជង្គង់ ) និងចុងក្រោយកីឡាករ Leonardo Oliveira។

ដោយឡែកជំនួសឲ្យកីឡាករដែលចាកចេញ កីឡាករសញ្ជាតិប្រេស៊ីល ដែលជាតួសំខាន់របស់ក្រុម Paulo Victor បានព្រមព្រៀងជាមួយក្លឹបបន្តកិច្ចសន្យាបន្ថែមលើកិច្ចសន្យាចាស់ ពោលគឺរហូតដល់ចុងឆ្នាំ២០២០។

Paulo Victor បានរួមចំណែកដ៏ធំក្នុងការជួយភ្នំពេញក្រោន បានច្រើននាពេលកំពុងលំបាក ដោយអាចរកបាន ៧គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន១១ប្រកួត។

គិតមកទល់ពេលនេះ ភ្នំពេញក្រោន មានកីឡាករបរទេសតែម្នាក់គត់ដែលនៅសេសសល់ពីការនាំចូលដោយអតីតគ្រូបង្វឹក លោក ​Leonardo Vitorino តាំងពីដើមរដូវកាល។ ភ្នំពេញក្រោន នៅមានឱកាសបន្ថែមកីឡាករនៅជើងទី២ ផងដែរ ខណៈមកទល់ពេលនេះក្លឹបទើបតែបាននាំចូលកីឡាករខ្មែរម្នាក់គត់ គឺកីឡាករ សុខ សុវណ្ណ ខ្ចីជើងពីក្លឹបវិសាខា រហូតដល់ចប់រដូវកាល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់