សមាជិកជម្រើសជាតិអាហ្វហ្គានីស្ថាន ដែលធ្លាប់ទាត់ចូលកម្ពុជា ២គ្រាប់ កំពុងសម្ងំធ្វើតេស្តជាមួយក្លឹបធំមួយ

មាស សុផាណារ៉ុង June 24, 2019


 

ភ្នំពេញ៖ មានការលេចលឺដំណឹងថា សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន ដែលធ្លាប់ទាត់ចូលកម្ពុជា ២គ្រាប់ ត្រូវបានប្រទះឃើញកំពុងសម្ងំធ្វើតេស្តជាមួយក្លឹបធំមួយនៅលីគកំពូលកម្ពុជា ពោលគឺនៅអំឡុងពេលទីផ្សារដោះដូរកីឡាករកំពុងបើក។

ប្រភពពីអ្នកគាំទ្របានឲ្យដឹងថា បានប្រទះឃើញខ្សែប្រយុទ្ធស្លាប ដែលធ្លាប់រកគ្រាប់បាល់ទាត់បញ្ចូល ២គ្រាប់កាលពីប្រកួតជាមួយ ជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ( 2018 FIFA World Cup qualification ) ក្នុងពូល E កាលពីអំឡុងឆ្នាំ២០១៥, ២០១៦ ពោលគឺកីឡាករ Mustafa Zazai នៅលើទឹកដីកម្ពុជាកាលពីសប្តាហ៍កន្លងមកក្នុងគោលដៅធ្វើតេស្តនៅក្លឹបដ៏ធំមួយ។

យ៉ាងណាក៏ដោយ មិនមានការបង្ហើបឲ្យដឹងឈ្មោះក្លឹបដែលកីឡាកររស់នៅភាគច្រើនក្នុងប្រទេសអាល្លឺម៉ងដ៏រូបនេះ កំពុងធ្វើតេស្តជាមួយឡើយប៉ុន្តែមានត្រឹមតែការបង្ហើបថាជាក្លឹបធំក្នុងលីគកំពូលកម្ពុជា ចំពេលដែល កីឡាករ Mustafa Zazai បានចាកចេញពីក្លឹបនៅលីគលំដាប់ទី២ ម៉ាឡេស៊ី ( Kelantan FA )។ យ៉ាងណាមិញនេះគ្រាន់តែត្រូវបានលើកឡើងតៗគ្នា ខណៈការពិតកីឡាកររូបនេះពិតជាកំពុងធ្វើតេស្តជាមួយក្លឹបធំនោះមែន ប៉ុន្តែក្លឹបសម្រេចយក ឬមិនយកគឺអាស្រ័យលើគ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំក្លឹបជាអ្នកសម្រេច។

គួររំលឹកផងដែរថា Mustafa Zazai សុទ្ធតែបានរួមចំណែកជួយឲ្យជម្រើសជាតិអាហ្វហ្គានីស្ថាន ឈ្នះ កម្ពុជា ទាំងពីរលើក ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ( 2018 FIFA World Cup qualification ) ក្នុងពូល E ដោយជើងទី១ នៅទឹកដីកម្ពុជា ដែលឈ្នះ ០ទល់១ ដោយរូបគេរកគ្រាប់បាល់បាន ១គ្រាប់ និងជើងទី២ ដែលឈ្នះ ៣ទល់០ ក៏រកបាន ១គ្រាប់ដូចគ្នា។

ទស្សនាវីដេអូ៖

គួរបញ្ជាក់ថា Mustafa Zazai ដែលបច្ចុប្បន្នមានវ័យ ២៦ឆ្នាំ ប៉ុន្មានឆ្នាំចុងក្រោយនេះប្រកបអាជីពច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ដោយភាគច្រើននៅថៃ ជាមួយលីគទី៣ និងទី៤ ថៃ និងចុងក្រោយក្លឹបនៅលីគទី២ ម៉ាឡេស៊ី Kelantan FA៕

 

រូបភាព៖ saffsuzukicup

អត្ថបទ៖ ណារ៉ុង

មតិយោបល់