សុខ សុវណ្ណ ចូលរួមជាមួយភ្នំពេញក្រោន ក្នុងលក្ខខណ្ឌខ្ចីជើងពី វិសាខា

មាស សុផាណារ៉ុង June 17, 2019


 

ភ្នំពេញ៖ ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបង្ហាញសមាជិកថ្មីដំបូងរបស់ខ្លួន សម្រាប់ជើងទី២ នៃលីគកំពូលម្ពុជា ពោលគឺកីឡាករចាស់វស្សា សុខ សុវណ្ណ ដែលធ្លាប់ជាអតីតសមាជិករបស់ភ្នំពេញក្រោនផងដែរកាល ពីឆ្នាំ២០០៧ដល់២០១៣។

តាមការបញ្ជាក់ការផ្លាស់របស់ សុខ សុវណ្ណ មកចូលរួមជាមួយភ្នំពេញក្រោន សារជាថ្មីនេះគឺស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបបាល់ទាត់រួមតំបន់ វិសាខា ក្រោយពីបានផ្លាស់ចូលរួមជាមួយក្រុមនេះ នៅឆ្នាំ២០១៨ និងពុំសូវមានឱកាសបង្ហាញខ្លួនញឹកញាប់។

កិច្ចសន្យាខ្ចីជើងរវាង ភ្នំពេញក្រោន ជាមួយ សុខ សុវណ្ណ ពីក្លឹបវិសាខា នឹងមានសពលភាពចាប់ពីជើងទី២ នៃលីគកំពូលកម្ពុជា រហូតដល់ចប់រដូវកាល។

សូមបញ្ជាក់ថា សុខ សុវណ្ណ បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កាលពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៣ ទើបផ្លាស់ទៅចូលរួមជាមួយបឹងកេត ចំណាយពេល៥ឆ្នាំជាមួយក្លឹបរហស្សនាម នាគខៀវ មួយនេះ និងក្លឹបចុងក្រោយ វិសាខា ពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន។

សមទ្ធិផលដែលខ្សែការពារកណ្ដាលរូបនេះធ្លាប់ធ្វើបានគឺរួមមាន ឈ្នះលីគកំពូលកម្ពុជា ចំនួន ៤ដង ( ២ដង ជាមួយភ្នំពេញក្រោន និង ២ដងជាមួយបឹងកេត ) និងឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាមួយភ្នំពេញក្រោន ២ដង ផងដែរ៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់