Honda មានសេចក្ដីរាយការណ៍ថា ក្លឹបទើបឡើងមកលីគកំពូលអ៊ីតាលី ចង់បានទៅរួមក្រុម

មាស សុផាណារ៉ុង June 17, 2019


 

អ៊ីតាលី៖ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ត្រូវបានសេចក្ដីរាយការណ៍មួយលើកឡើងថា ក្លឹបទើបឡើងមកលីគកំពូលអ៊ីតាលី ចង់បានទៅរួមក្រុម នៅរដូវកាលក្រោយ។

យោងតាមសារព័ត៌មានអ៊ីតាលីមួយ calciomercato កាលពីពេលថ្មីៗនេះបានចុះផ្សាយពាកចចាមអារ៉ាមថា ក្លឹបទើបឡើងមកលីគកំពូលអ៊ីតាលី Brescia Calcio បានចាប់អារម្មណ៍ក្នុងការនាំយកអតីតកីឡាករដែលធ្លាប់មានបទពិសោធន៍នៅលីគកំពូលអាតាលី AC Milan ទៅចូលរួមជាមួយក្រុមរបស់ខ្លួន ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន គ្រាដែលអ្នកចាត់ការទូទៅ និងជាកីឡាករវ័យ ៣២ឆ្នាំរូបនេះ កំពុងស្ថិតក្នុងស្ថានភាពទំនេរគ្មានក្លឹបប្រកបអាជីពជាមួយ ក្រោយផុតកិច្ចសន្យាជាមួយក្លឹប Melbourne Victory របស់អូស្ត្រាលី។

មកទល់ពេលនេះ ព័ត៌មានអំពីការផ្ទេរហាក់ស្ថិតក្នុងភាពនៅស្ងប់ស្ងាត់នៅឡើយ ដ្បិតពុំមានការលិចលឺបន្ថែមអំពីព័ត៌មានដទៃទៀតពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ។

គួររំលឹកផងដែរថា Keisuke Honda ធ្លាប់បានប្រកបអាជីពជាមួយ AC Milan កាលពីអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ មុននឹងនៅឆ្នាំ២០១៧ ដល់២០១៨ ផ្លាស់ទៅចូលរួមជាមួយក្រុមនៅលីគកំពូលមិកសិចកូ Pachuca និងចុងក្រោយ Melbourne Victory របស់អូស្ត្រាលី ឆ្នាំ២០១៨-២០១៩៕

 

រូបភាព៖ gettyimages|Marco Luzzani / Kyodo

ប្រភព៖ calciomercato

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់