ក្រុមហ្វូតសាលតំណាងកម្ពុជា ទៅដល់ប្រទេសថៃ ត្រៀមប្រកួតពានក្លឹបហ្វូតសាល-អាស៊ាន

មាស សុផាណារ៉ុង June 17, 2019


 

ថៃ៖ ក្រុម Down Town Sport ដែលនឹងត្រូវតំណាងឲ្យកម្ពុជា ចូលរួមប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ហ្វូតសាល ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ( AFF Futsal Club Championship 2019 ) នាខែមិថុនា នេះ បានទៅដល់ប្រទេសថៃហើយ។

ពានរង្វាន់នេះគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្ត Nakhonratchasima ប្រទេសថៃ ជាមួយនឹងក្រុមចំនួន ៦ចូលរួមប្រកួត។

ក្រុមតំណាងកម្ពុជាមួយនេះ នឹងត្រូវប្រកួតប្រជែងជាមួយក្រុម៣ ដែលត្រូវបែងចែកជា ២ពូល ក្នុងនោះ Down Town ស្ថិតក្នុងពូល B ជាមួយក្រុម Imperial របស់មីយ៉ាន់ម៉ា និងក្រុម Melaka United របស់ម៉ាឡេស៊ី។ ស្របពេលដែលពូល A មាន PTT Chonburi Bluewave របស់ថៃ, Sanvinest Sanatech Khanh Hoa របស់វៀតណាម និង Black Steel Fustal Club របស់ឥណ្ឌូនេស៊ី។

សម្រាប់ប្រកួតដំបូងរបស់ Down Town Sport គឺនឹងធ្វើឡើងនៅថ្ងៃទី១៩ ទល់នឹង Melaka United របស់ម៉ាឡេស៊ី មុននឹងបន្តការប្រកួតទី២ នៅថ្ងៃទី២០ ទល់នឹង Imperial របស់មីយ៉ាន់ម៉ា។ មានតែក្រុម ២ប៉ុណ្ណោះ ពីពូលនិមួយៗដែលទទួលបានកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ៣ និងត្រូវប្រកួតយកចំណាត់ថ្នាក់លេខ៥ និងលេខ៦ ផងដែរ។

ក្រុម Down Town Sport បានទទួលសិទ្ធចូលរួមប្រកួតពានប្រចាំតំបន់អាស៊ាន AFF Futsal Championship 2019 នេះ ដោយសារពួកគេ គឺជាជើងឯកលីគហ្វូតសាលកម្ពុជា កាលពីឆ្នាំ២០១៨ កន្លងទៅ៕

 

រូបភាព៖ Futsal Cambodia / Down Town Sport

អត្ថបទ៖ បុត្រា

មតិយោបល់