ចំណូលពីការលក់សំបុត្រជំនួបរវាងអង្គរថាយហ្គឺរ ទល់នឹង គីរីវង់ នឹងយកឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរទាំងស្រុង

មាស សុផាណារ៉ុង June 16, 2019


 

សៀមរាប៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសនៅថ្ងៃនេះថា ចំណូលពីការលក់សំបុត្រចូលទស្សនាការប្រកួតលីគកំពូលកម្ពុជា ជាមួយ ក្លឹបគិរីវង់សុខសែនជ័យ នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នេះនៅកីឡដ្ឋានខេត្តសៀមរាប នឹងត្រូវយកទៅឧប្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ទាំងស្រុង។

នេះគឺជាលើកដំបូង ដែលក្លឹបសម្រេចបង្វែរថវិកា ទាំងអស់ទៅដល់មន្ទីរពេទ្យដែលតែងតែជួយដល់កុមារកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប ដ្បិតកន្លងមកក្លឹបបានដាក់ប្រអប់មូលនិធិដើម្បីឲ្យអ្នកចូលរួមទស្សនាចូលរួមឧប្ថម្ភតាមលទ្ធភាព។

នេះជាការរួមចំណែកជួយដល់សង្គម ជាពិសេសគឺទៅលើវិស័យសុខាភិបាល ដែលជាវិស័យចំបង និងរឹតតែពិសេសគឺដើម្បីជួយដល់កុមារកម្ពុជា ដែលជាសសរទ្រូងនៃប្រទេសជាតិ នៅពេលពួកគេជួបប្រទះនូវបញ្ហាសុខភាពនានា ហើយនឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមួយនេះ។ នេះបើតាមការបញ្ជាក់ដោយ មន្ត្រីផ្នែកព័ត៌មាន និងរដ្ឋបាលក្លឹប លោក  លឹម ច័ន្ទមុន្នីឧត្តម។

កន្លងមកក្លឹបដែលមានមូលដ្ឋាននៅលើទឹកដិអង្គរ មួយនេះក៏ធ្លាប់ធ្វើការបរិច្ចាគថវិកាមួយចំនួនធំផងដែរ ពីការលក់សំបុត្រចូលទស្សនាការប្រកួតដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ដោយបានផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ឋា ជារឿយៗផងដែរ។

សូមបញ្ជាក់ថា ការប្រកួតរវាង អង្គរថាយហ្គឺរ ជាមួយ គិរីវង់សុខសែនជ័យ ក្នុងជំនួបសប្ដាហ៍ទី១១ នេះនឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀល លើវាលស្មៅធម្មជាតិ នាំកីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ ) ដែឡអាចផ្ទុកទស្សនិកជនប្រមាណ ៥ពាន់នាក់មួយនេះ៕

 

រូបភាព៖ អង្គរថាយហ្គឺរ – Angkor Tiger Football Club

អត្ថបត៖ ណារ៉ុង

មតិយោបល់