ច្រឹង ពលរដ្ឋ ប្រកាសចែកផ្លូវជាមួយ Buriram ជាផ្លូវការ ថែមទាំងបដិសេធសំណើរក្លឹបថ្មី

មាស សុផាណារ៉ុង June 15, 2019


 

ភ្នំពេញ៖ កីឡាករ ច្រឹង ពលរដ្ឋ បានប្រកាសចែកផ្លូវជាមួយក្លឹបបាល់ទាត់ Buriram United ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ហើយគេក៏បានប្រកាសបដិសេធក្លឹបបរទេសថ្មីមួយចំនួន ព្រោះចង់ផ្ដោតអារម្មណ៍លេងឲ្យក្លឹបក្រសួងការពារជាតិផងដែរ។

អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ជាព័ត៌មានច្បាស់ការ ខ្ញុំបាទ និងក្លឹបបាល់ទាត់ BURIRAM UNITED បានឈានទៅដល់ការចែកផ្លូវគ្នាហើយ ដោយសារតែបញ្ហាពេលនោះ របួសខ្ញុំនៅមិនទាន់ជាសេះស្បើយ ស្របពេលដែលក្លឹប Buriram គេចាប់ផ្តើមប្រមូលផ្តុំ និងចាប់ផ្តើមលីគប្រទេសថៃ»។

ពលរដ្ឋ បន្ដថា «ក្នុងពេលបច្ចុប្បន្នក៏មានក្លឹបមួយចំនួន នៅក្រៅប្រទេស ក៏បានទាក់ទងក្នុងការយកខ្ញុំទៅចូលរួម ប៉ុន្តែខ្ញុំនឹងជំរាបជូននៅពេលព័ត៌មានច្បាស់ការ ក្នុងពេលនេះ ខ្ញុំផ្តោតអារម្មណ៍នៅក្នុងក្លឹបក្រសួងការពារជាតិសិនជាថ្មីម្តងទៀត សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលតែងតែគាំទ្រ លើកទឹកចិត្ត និងនៅក្បែរខ្ញុំជានិច្ច»។

គួរបញ្ជាក់ថា មុនការប្រកាសផ្ទាល់ពីសាមីខ្លួនខាងលើ កាលពីដើមខែធ្នូ ឆ្នាំ២០១៨ ក្រសួងការពារជាតិ ក៏ធ្លាប់បានប្រកាសម្ដងរួចមកហើយ បន្ទាប់ពីក្លឹប Buriram United បញ្ជូនកីឡាករវ័យក្មេងរូបនេះ ត្រឡប់មកព្យាបាលរបួសនៅខ្មែរវិញ ក្រោយធ្វើដំណើរទៅចូលរួមជាមួយក្លឹបកំពូលរបស់ថៃនេះបានប្រហែល ១សប្ដាហ៍។ ដូច្នេះការប្រកាសពេលនេះ អាចជាការបញ្ចប់មន្ទិលសង្ស័យរបស់អ្នកគាំទ្រផងដែរ៕

 

រូបភាព៖ BURIRAM UNITED

អត្ថបទ៖ បុត្រា

មតិយោបល់