FIFA Ranking៖ កម្ពុជា កើន ២១ពិន្ទុសម្រាប់ខែមិថុនា ក្រោយឈ្នះ ២ប្រកួតជាប់ៗគ្នា

មាស សុផាណារ៉ុង June 14, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកើនចំណាត់ថ្នាក់៤លេខ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ( FIFA World Ranking ) និង២១ពិន្ទុ ប្រចាំខែមិថុនា ដែលទើបតែធ្វើការបន្ទាន់សម័យកាល ( Update ) មុននេះ។

គួររំលឹកថា កាលពីខែមេសា កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៣ ដោយមាន៩៦៧ពិន្ទុ ខណៈខែមិថុនានេះវិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៦៩ ស្របពេលដែលពិន្ទុបានកើន៩៨៨ពិន្ទុ ដែលបានសេចក្ដីថាកើនឡើង ២១ពិន្ទុ និងអាចនិយាយបានថាខែមិថុនានេះ កើនទាំងចំណាត់ថ្នាក់ និងកើនទាំងពិន្ទុ។

ឈរនៅចំណាត់ថ្នាក់នេះ បើគិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដដែល ដោយឈរពីលើ ទីម័រខាងកើត នៅក្រោមគេ, ព្រុយណេ និងឡាវ ជាបន្តបន្ទាប់ ប៉ុន្តែនៅពីក្រោម សិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ និងវៀតណាម ឈរនៅលើគេដដែល។ នៅក្នុងតំបន់អាស៊ីវិញ កម្ពុជា ឈរនៅលេខ៣៦ ក្នុងចំណោម៤៦ប្រទេស។

ចំណាត់ថ្នាក់នេះលេខ ៣៦ប្រចាំទ្វីបអាស៊ីផងដែរនោះ គឺបានសេចក្ដីថា កម្ពុជា ប្រាដកកៅអីនៅក្នុងការត្រៀមប្រកួតជម្រុះក្នុងពានរង្វាន់បាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ជុំទី២ នាមជាក្រុមស្ថិតនៅប្រអប់ទី៥ ដើម្បីត្រៀមការចាប់ឆ្នោតបែងចែកពូល ប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខ។

ចំពោះការបែងចែកប្រអប់ចាប់ពូល គឺអាស្រ័យទៅតាមចំណាត់ថ្នាក់ពិភពលោក ( FIFA World Ranking ) របស់ក្រុមនីមួយៗគិតក្នុងខែមិថុនានេះផ្ទាល់តែម្ដង។ កម្ពុជា នឹងត្រូវត្រៀមបែងចែកជាមួយក្រុម ៤០ផ្សេងទៀតដើម្បីចាប់ឆ្នោតបែងចែកពូលខាងមុខនេះ ដោយនឹងចែកចេញជា ៨ពូល ក្នុងមួយពូល មាន៥ក្រុម។

កម្ពុជា នឹងត្រូវជួបក្រុម១ ក្នុងចំណោម៨ក្រុម ដែលស្ថិតនៅប្រអប់ពីទី ១ដល់៤ រហូតដល់គ្រប់៤ក្រុម ខណៈប្រអប់ដែលកម្ពុជា ស្ថិតនៅនោះ ( ប្រអប់ទី៥ ) កម្ពុជា នឹងមិនត្រូវចាប់ឆ្នោតរួមពូលជាមួយក្រុមទាំងនោះឡើយ។ ក្រោយការចាប់ឆ្នោត សម្រាប់ការប្រកួតវិញ គឺគ្រោងនឹងចាប់ផ្ដើមពីដើមខែកញ្ញា ឆ្នាំ២០១៩ តទៅ ជាមួយនឹងការប្រកួតចំនួន ២ជើងប្ដូរទឹកដីគ្នាទៅវិញ ហើយនឹងបន្តរហូតដល់បញ្ចប់នៅខែមិថុនា ឆ្នាំ២០២០៕

 

រូបភាព៖ FIFA.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់