លក្ខខណ្ឌរក្សាសិទ្ធិរូបភាពបែបទីផ្សារបានបង្កើតឡើង ក្រោយ Suzuki ប្រកាសតែងតាំង Honda ជាទូតសុឆន្ទៈរបស់ខ្លួន

មាស សុផាណារ៉ុង June 13, 2019


 

ភ្នំពេញ៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ត្រូវបានក្រុមហ៊ុន Suzuki Cambodia ប្រកាសតែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ម៉ាក Suzuki ប្រចាំប្រទេសកម្ពុជា ជាមួយនឹងការរក្សាសិទ្ធិប្រើប្រាស់រូបថតរបស់លោកក្នុងយុទ្ធនាការទីផ្សារ។

សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើង ស្របពេលកីឡាករលំដាប់ពិភពលោក លោក Keisuke Honda ដឹកនាំក្រុមគោព្រៃកម្ពុជា ឆ្លងផុតវគ្គជម្រុះបឋម នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification – AFC) ប្រចាំទ្វីបអាស៊ី ក្រោយយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ៤ទល់១ កាលពីពេលថ្មីៗ។

យោងតាមសេចក្ដីលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញ Suzuki Cambodia បានបញ្ជាក់ថា «យើងមានកិត្តិយស សូមប្រកាសថាលោក Keisuke Honda នឹងក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ម៉ាក SUZUKI នៅក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ។ ក្រុមហ៊ុនធ្វើការរក្សារសិទ្ធិប្រើប្រាស់រូបថតរបស់លោក Keisuke Honda ហើយនឹងប្រើប្រាស់រូបភាពរបស់គាត់នៅក្នុងយុទ្ធនាការទីផ្សារទាំងអស់ទូទាំងប្រទេសកម្ពុជា។»

នេះបានសេចក្ដីថា សម្រាប់រូបភាពរបស់អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា Keisuke Honda មិនអាចត្រូវបានអនុញ្ញាតិយកទៅផ្សព្វផ្សាយជាលក្ខណៈពាណិជ្ជកម្ម ( ដូចជាផ្ទាំងបដាផ្សព្វផ្សាយ, ដាក់រូបផ្សព្វផ្សាយលើផលិតផលផ្សេងៗ ) បានឡើយ ដោយត្រូវមានការស្នើរសុំក្រុមហ៊ុន Suzuki Cambodia ប្រចាំនៅកម្ពុជាជាមុនសិន។

ជាមួយការប្រកាសនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ពីរយៈពេលនោះទេ គ្រាន់តែបញ្ជាក់ថា នឹងមានកិច្ចសហការជាមួយក្លឹបសូលទីឡូអង្គរ ដែលមានលោក Honda ជាស្ថាបនិកទៀតផង៕

 

អត្ថបទ៖ បុត្រា

មតិយោបល់