លោក ភា សុភ័ក្ត្រា ពេញចិត្តចំណុចពិសេសមួយរបស់ Honda ពេលរួមការងារជាមួយគ្នា

មាស សុផាណារ៉ុង June 13, 2019


ភ្នំពេញ៖  លោក ភា សុភ័ក្ត្រា អតីតគ្រូបង្វឹកនៃក្លឹបបាល់ទាត់ក្រសួងការពារជាតិ ដែលបានទទួលតំណែងគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) កាលពីពេលថ្មីៗនេះ បានបង្ហើបពីការពេញចិត្តចំនុចពិសេសមួយរបស់អ្នកចាត់ការទូទៅ Keisuke Honda ពេលរួមការងារជាមួយគ្នា។

មានយោបល់ក្រោយរួមការងារជាមួយអតីតកីឡាករឆ្នើមម្នាក់ក្នុងចំណោមវីរៈបុរសក្រុមជម្រើសជាតិជប៉ុន លោក Keisuke Honda បានមួយរយៈពេលខ្លី លោក ភា សុភ័ក្ត្រា បានលើកឡើងថា៖ «បាទ! ខ្ញុំគិតថា ទី១យើងមានចំណង់ចំណូលចិត្តចង់បោះជំហានទៅកន្លែងណាមួយក្រោយពេលយើងដកឃ្លាពីគ្រូបង្គោល អុីចឹងយើងចង់បន្ថែមការរៀនសូត្រ ជាពិសេសការរៀបចំក្រុមបែបអន្តរជាតិ ព្រោះក្រុមជម្រើសជាតិគឺជាការប្រកួតបែបអន្តរជាតិ អុីចឹងយើងបានឃើញរបៀបដឹកនាំរបស់ លោក Felix ក៏ដូចជា លោក Honda ក្នុងការដឹកនាំក្រុមជម្រើសជាតិ ហើយយើងចង់បានអ្វីដែលជាបទពិសោធន៍របស់ពួកគាត់ នេះជាចំណុចដែលធ្វើឲ្យខ្ញុំចូលរួមជាមួយក្រុមជម្រើសជាតិ ហើយយើងឃើញថារយៈពេលខ្លីមែន ប៉ុន្តែខ្ញុំសប្បាយរីករាយក្នុងការទទួលយក និងព្យាយាមជួយពួកគាត់ ធ្វើការងារជាមួយពួកគាត់ឲ្យអស់ពីលទ្ធភាព។»

លោកបានបន្តនូវចំណុចដែលលោកចាប់អារម្មណ៍ និងគួរឲ្យរៀនសូត្រតាមពី អ្នកចាត់ការទូទៅ Keisuke Honda យ៉ាងដូច្នេះថា៖ «ខ្ញុំចាប់បានចំណុចដែល លោក Honda គាត់តែងតែប្រាប់ទៅដល់កីឡាករ គាត់តែងតែនិយាយអំពីការស្រមើស្រមៃមុន ដោយគិតថាយើងនឹងត្រូវគេកៀបសង្កត់ យើងនឹងបាត់បាល់ក្នុងស្ថានភាពណាមួយ អុីចឹងធ្វើឲ្យកីឡាករមានអារម្មណ៍ថាខ្លួនឯង កំពុងតែត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដោះស្រាយបញ្ហាហ្នឹង … ចំណុចនេះខ្ញុំគិតថាជាចំណុចពិសេសមួយដែលយើងត្រូវរៀនសូត្រពីពួកគាត់។»

គ្រូបង្វឹកវ័យ ៣៨ឆ្នាំរូបនេះ ក៏បានលើកឡើងផងដែរជុំវិញការបង្ហាញទម្រង់របស់ក្រុមគោព្រៃកម្ពុជា នាមួយរយៈនៃវគ្គជម្រុះនេះថា ដ្បិតរយៈពេលខ្លីលើការប្រមូលផ្ដុំហ្វឹកហាត់ ការប្រកួតជាដើម ប៉ុន្តែកីឡាករទាំងអស់ធ្វើបានល្អ ដោយសារកីឡាករដែលត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិនេះ សុទ្ធតែយល់ច្បាស់ពីរបត់នៃការលេងរបស់គ្រូបង្វឹកកាលពីពេលកន្លងមក។

​គួរដឹងដែរថា លោក​ ភា សុភ័ក្ត្រា​ បាន​​​បញ្ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​​បាល់​ទាត់​កម្រិត​​ A- License កាលឆ្នាំ​២០១៣ ខណៈអាជីពជាគ្រូបង្វឹករបស់លោកបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៦ ក្រោយបាន​​​បញ្ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​​បាល់​ទាត់​កម្រិត​ C ( AFC “C” license ) ​នៅ​ទី​ក្រុង​ភ្នំពេញ នៅឆ្នាំ២០០៥។

លោកបានរួមចំណែកជួយដឹកនាំ កម្ពុជា ប្រកួតទល់នឹង ប៉ាគីស្ថាន វគ្គជម្រុះជុំទី១ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី ដោយលទ្ធផលទាំង២ជើង ៤ទល់១ និងបានកៅអីឡើងទៅវគ្គជម្រុះជុំទី២៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់