មូលហេតុដែល លោក Honda ជាមួយ Felix មិនបានរួមដំណើរមកជាមួយក្រុមគោព្រៃកម្ពុជា

មាស សុផាណារ៉ុង June 12, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានត្រលប់មកដល់មាតុប្រទេសដោយសុវត្ថិភាពហើយកាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ បន្ទាប់ពីជួយឲ្យក្រុមបានឡើងទៅវគ្គជម្រុះជុំទី២ នៃពានរង្វាន់ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) លើជម្រើសជាតិប៉ាគីស្ថាន កាលពីម្សិលមិញរួចមក។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាមួយនឹងសមាសភាពក្រុមដែលបានចេញទៅប្រកួតនៅទីក្រុងដូហា ប្រទេសកាតានោះ ពេលត្រប់មកវិញនៅល្ងាចមិញ ពុំមានវត្តមានរបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ លោក Keisuke Honda ជាមួយនឹងគ្រូបង្វឹក លោក Felix G.Dalmas ឡើយ។

ជុំវិញករណីមិនឃើញវត្តមានបុរសខ្លាំងដែលកំពុងដក់ចិត្តអ្នកគាំទ្របាល់ទាត់កម្ពុជា ទាំង២រូបរួមដំណើរមកជាមួយក្រុមគោព្រៃនេះ ប្រភពដ៏ជិតស្និទ្ធមួយបានបង្ហើបថា លោក Honda បាននឹងកំពុងធ្វើដំណើរទៅកាន់ប្រទេសកំណើត ស្របពេលដែល លោក Felix G.Dalmas ក៏កំពុងធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ដោយចាកចេញពីប្រទេសកាតាផ្ទាល់ ប៉ុន្តែពុំអាចបញ្ជាក់អំពីមូលហេតុច្បាស់លាស់អំពីដំណើរទៅកាន់ទឹកដីនៃប្រទេសទាំងពីរនេះឡើយ ដោយមានត្រឹមការអះអាងថា «ជាប់ភារកិច្ចផ្ទាល់ខ្លួន» ប៉ុណ្ណោះ។

គួរឲ្យចាប់អារម្មណ៍មកវិញ ដ្បិតមិនមានការបញ្ជាក់ច្បាស់លាស់ ប៉ុន្តែមានការដាក់ការសង្ស័យថា ដំណើរទៅសហរដ្ឋអាម៉េរិគរបស់ លោក Felix ដែលគេស្គាល់ថាជាភ្នាក់ងារកីឡាកររបស់ លោក Honda ផ្ទាល់នោះ អាចជាការចេញទៅពិភាក្សាអំពីលក្ខខណ្ឌក្នុងការចូលរួមជាមួយក្លឹបណាមួយនៅលីគបាល់ទាត់នៅទីនោះ ខណៈដែលបច្ចុប្បន្នលោក Honda ពុំទាន់មានក្លឹបប្រកបអាជីពជាមួយនៅឡើយទេ។

យ៉ាងណាមិញនេះគ្រាន់តែជាការប៉ាន់ស្មានដោយផ្អែកលើស្ថានភាពជាក់ស្ដែងរបស់អតីតកីឡាករឆ្នើមម្នាក់ក្នុងចំណោមវីរៈបុរសក្រុមជម្រើសជាតិជប៉ុនរូបនេះ ខណៈរឿងរ៉ាវពិតប្រាកដលោកអាចនឹងបង្ហោះជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ក៏ដូចជាលើគណនីអ៊ីស្តាក្រាម ( Instagram ) របស់លោកជាដើម៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់