មកស្គាល់សមាសភាពក្រុមទាំង៣៤ ដែលអង្គុយរង់ចាំកម្ពុជា នៅវគ្គជម្រុះជុំទី២ បាល់ទាត់ពិភពលោក

មាស សុផាណារ៉ុង June 12, 2019


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលកៅអីឡើងទៅការប្រកួតបន្តនៃវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ក្រោយជោគជ័យនៅវគ្គជម្រុះជុំទី១ ដោយបន្តយកឈ្នះប៉ាគីស្ថាន លទ្ធផល ១ទល់២ និងឈ្នះលទ្ធផលសរុបទាំងពីរជើង ៤ទល់១ កាលពីយប់មិញ។

វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ គឺមានក្រុមចំនួន៣៤ អង្គុយរង់ចាំរួចជាស្រេច បូកជាមួយក្រុមពីវគ្គជម្រុះចំនួន៦ ដែលឈ្នះក្នុងវគ្គជម្រុះជុំទី១ យប់មិញនេះសរុប ៤០ក្រុម។

ក្រុមទាំង៤០ នោះរួមមាន៖ អ៊ីរ៉ង, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី, កាតា, អារ៉ាប់រួម, អារ៉ាបប៊ីតសាវឌីត, ចិន, អ៊ីរ៉ាក់, ស៊ីរី, អ៊ូបីគីស្ថាន, លីបង់, អ៊ូម៉ង, គីស៊ីស្ថាន, ហ៊្សកដានី, វៀតណាម, ប៉ាឡេស្ទីន, ឥណ្ឌា, បារ៉ែន, ថៃ, តាជីគីស្ថាន, កូរ៉េខាងជើង, ហ្វីលីពីន, ឆាយនីសតៃប៊ិ, តួរមីនីស្ថាន, មីយ៉ាន់ម៉ា, កោះហុងកុង, យ៉េមែន, អាហ្វហ្គានីស្ថាន, ម៉ាលឌីវ, គុយវែត, ឥណ្ឌូនេស៊ី, សិង្ហបុរី និងនេប៉ាល់។

ខណៈក្រុម ៦ដែលត្រូវចូលទៅបន្ថែមដើម្បីត្រៀមបែងចែកជាពូល រួមមាន៖ កោះហ្គាម, ម៉ុងហ្គោលី, ម៉ាឡេស៊ី, បង់ក្លាដេស, កម្ពុជា និង១ក្រុមរង់ចាំការសម្រេចដោយ FIFA និង AFC រវាងស្រីលង្ការ ជាមួយ កោះម៉ាកាវ ( បញ្ហាដោយសារម៉ាកាវ បដិសេធមិនទៅប្រកួតនៅស្រីលង្ការ ដោយសារបារម្ភពីបញ្ហាសន្តិសុខ )។

ចំពោះការបែងចែកប្រអប់ចាប់ពូល គឺអាស្រ័យទៅតាមចំណាត់ថ្នាក់ពិភពលោក ( FIFA World Ranking ) របស់ក្រុមនីមួយៗគិតក្នុងខែមិថុនា។ ក្រុមទាំង៤០ នេះនឹងត្រូវត្រៀមចាប់ឆ្នោតបែងចែកពូល សម្រាប់វគ្គជម្រុះជុំទី២ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ដោយនឹងចែកចេញជា ៨ពូល ក្នុងមួយពូល មាន៥ក្រុម។

កម្ពុជា នឹងត្រូវជួបក្រុម១ ក្នុងចំណោម៨ក្រុម ដែលស្ថិតនៅប្រអប់ពីទី ១ដល់៤ រហូតដល់គ្រប់៤ក្រុម ខណៈប្រអប់ដែលកម្ពុជា ស្ថិតនៅនោះ ( ប្រអប់ទី៥ ) កម្ពុជា នឹងមិនត្រូវចាប់ឆ្នោតរួមពូលជាមួយក្រុមទាំងនោះឡើយ។ ក្រោយការចាប់ឆ្នោត សម្រាប់ការប្រកួតវិញ គឺគ្រោងនឹងចាប់ផ្ដើមពីដើមខែកញ្ញា ឆ្នាំ២០១៩ តទៅ ជាមួយនឹងការប្រកួតចំនួន ២ជើងប្ដូរទឹកដីគ្នាទៅវិញ ហើយនឹងបន្តរហូតដល់បញ្ចប់នៅខែមិថុនា ឆ្នាំ២០២០។

ឧទាហរណ៍៖ កម្ពុជា អាចជាប់ឆ្នោតប៉ះក្រុម ប្រអប់ទី១: អ៊ីរ៉ង, ប្រអប់ទី២: អ៊ីរ៉ាក់, ប្រអប់ទី៣: ប៉ាឡេស្ទីន និងប្រអប់ចុងក្រោយ: តួរមីនីស្ថាន។ **

គួររំលឹកផងដែរថា កាលពីវគ្គជម្រុះជុំទី២ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ កម្ពុជា បានស្ថិតនៅពូល E ជាមួយជប៉ុន, ស៊ីរី, អាហ្វហ្គានីស្ថាន និងសិង្ហបុរី។ លទ្ធផលគ្រានោះ កម្ពុជា បានបញ្ចប់ទៅដោយស្ថិតនៅបាតតារាង ក្រោយប្រកួត៨ដង មិនដែលឈ្នះ មិនដែលស្មើ និងចាញ់ទាំង ៨ដង អស់ឱកាសឡើងទៅជុំទី៣៕

 

រូបភាព៖ AFC Asian Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់