កម្ពុជា ទទួលបានកៅអីឡើងទៅវគ្គជម្រុះជុំទី២ ពានរង្វាន់ World Cup 2022 ជាផ្លូវការ

មាស សុផាណារ៉ុង June 12, 2019


 

ដូហា៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទីបំផុតបានទទួលកៅអីឡើងទៅការប្រកួតបន្តនៃវគ្គជម្រុះជុំទី២ ក្រោយជោគជ័យនៅវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ដោយបន្តយកឈ្នះ ប៉ាគីស្ថាន លទ្ធផល ១ទល់២ មុននេះ និងឈ្នះលទ្ធផលសរុបទាំងពីរជើង ៤ទល់១។

នៅក្នុងការប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានបើកការនាំមុខមុន ដោយកីឡាករ Hassan Bashir តាមរយៈបាល់ពិន័យ១១ម៉ែត្រ នៅនាទី១៨ ហើយបានរក្សាលទ្ធផលនាំមុខ ១ទល់០ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ការ​ប្រកួតកាន់តែស្វិតស្វាញដោយប៉ាគីស្ថាន ត្រូវការគ្រាប់បាល់បន្ថែមជាចាំបាច់បែរជាភ្លាត់ឲ្យកម្ពុជា តាមស្មើបានសម្រេចនៅនាទី៦៤ ដោយកីឡាករ សាត រ៉សុីប។ ការប្រកួតកាន់តែអូសបន្លាយរហូតដល់ជិតចប់ការប្រកួតទៅហើយ រ៊ឺង ប៊ុនហៀង ដែលត្រូវបានផ្លាស់ប្ដូរចូលនោះបានរកគ្រាប់ជ័យជម្នះឲ្យកម្ពុជា នៅនាទី៨៩ និងបានរក្សាលទ្ធផល ១ទល់២ នេះរហូតដល់ចប់ការប្រកួត។

រូបភាពពីការប្រកួតជើងទី១ នៅលើទឹកដីកម្ពុជា

ជ័យជម្នះនេះផងដែរ នឹងធ្វើឲ្យកម្ពុជាទទួលបានកៅអីឡើងទៅប្រកួតជុំបន្តដែលមានប្រទេសចំនួន ៣៤+៥ ផ្សេងទៀតកំពុងអង្គុយរង់ចាំរួចជាស្រេច ហើយគ្រោងនឹងបន្តការប្រកួតនៅខែកញ្ញា ឆ្នាំ២០១៩ ដដែលនេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់