Felix Dalmas៖ «ខ្ញុំចង់ឲ្យក្រុមនេះកុំទាន់ពេញចិត្តជាមួយជ័យជម្នះ ២ទល់០»

មាស សុផាណារ៉ុង June 11, 2019


 

ភ្នំពេញ៖ លោក Filex Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ក្រោយពីបាននាំក្រុមប្រកួតយកឈ្នះ ក្រុមជម្រើសជាតិប៉ាគីស្ថាន កាលពីជើងទី១ ក្នុងលទ្ធផល ២ទល់០ នៅវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) បានបញ្ជាក់ដល់កូនក្រុមថា «ខ្ញុំចង់ផ្ដាំកីឡាករកុំទាន់ពេញចិត្តជាមួយជ័យជម្នះ ២ទល់០»។

លោក Félix Agustín González Dalmás បាននិយាយពីចំនុចល្អ ក៏ដូចជាចំនុចត្រូវកែតម្រូវផងដែរសម្រាប់ការប្រកួតជើងទី២នេះ ដោយបានបង្ហើបថា ចំណុចល្អមានច្រើន ជាពិសេសគឺក្រុមធ្វើបានតាមរបៀបដែលបាល់ទាត់គេចង់បាន ខណៈចំណុចខ្សោយគឺនៅមានរឿងជាច្រើនទៀតដែលនៅតែត្រូវកែតម្រូវ ព្រោះលទ្ធផលកន្លងមកមិនទាន់ស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។ នេះបើយោងតាមសម្ដីដែល លោក Felix បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតនៅទឹកដីកម្ពុជា កាលពីថ្ងៃទី០៦ កន្លងទៅថ្មីៗនេះ។

ភ្ជាប់ជាមួយនឹងចំណុចដែលលោកបានរៀបរាប់ខាងលើ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានបន្ថែមថា៖ «ខ្ញុំចង់ឲ្យក្រុមនេះ កុំទាន់អាលពេញចិត្តជាមួយលទ្ធផលឈ្នះ ២ទល់០ ខ្ញុំចង់ឲ្យពួកគេរួចរាល់សម្រាប់ប្រកួតបន្ទាប់ទៀត។» 

សូមបញ្ជាក់ជាថ្មីថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលគ្រោងធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា វេលាម៉ោង១១:០០ នាទីយប់នេះ ( ម៉ោងនៅកម្ពុជា )។ ការប្រកួតនេះមិនមានការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ក្នុងស្រុកឡើយ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់