កម្ពុជា ធ្លាប់ជួបរឿងខកចិត្តកាលពីជម្រុះ World Cup 2014 ទោះបីជើងទី១ ឈ្នះគូប្រកួតលើសលប់

មាស សុផាណារ៉ុង June 11, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជើងទី២ វគ្គជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) ទល់នឹងជម្រើសជាតិប៉ាគីស្ថាន នៅក្នុងទីក្រុង Doha ប្រទេសកាតា ដែលជាទឹកដីកណ្ដាល ស្អែកនេះ ខណៈកាលពីជើងទី១ កម្ពុជា ឈ្នះដោយលទ្ធផល ២ទល់០។

យ៉ាងណាមិញដ្បិតទទួលលទ្ធផលឈ្នះមែនពិត ប៉ុន្តែកម្ពុជា ធ្លាប់មានប្រវត្តិខកចិត្តម្ដងរួចមកហើយ កាលពីវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ( 2014 FIFA World Cup qualification – AFC ) កាលនៅជម្រុះនៅឆ្នាំ២០១១ ទល់នឹងជម្រើសជាតិឡាវ។

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១ គឺជាការប្រកួតជើងទី១ រវាងកម្ពុជា ជាមួយ ឡាវ ដែលដំបូងឡើយធ្វើឡើងនៅទឹកដីកម្ពុជា លើវាលស្មៅធម្មជាតិ នៃពហុកីឡដ្ឋានជាតិ។ ជាលទ្ធផលក្នុងវគ្គជម្រុះជុំដំបូងដូចគ្នា កម្ពុជា នាមជាក្រុមម្ចាស់ផ្ទះបានយកឈ្នះ ឡាវ ដោយលទ្ធផល ៤ទល់២ ( ៤គ្រាប់របស់កម្ពុជា រកបានដោយកីឡាករ ឃួន ឡាបូរ៉ាវី ១គ្រាប់, គួច សុកុម្ភៈ ១គ្រាប់ និងខ្សែប្រយុទ្ធជើងចាស់ សំអែល ណាសា ២គ្រាប់ម្នាក់ឯង )។

ទស្សនាការប្រកួតជើងទី១ នៅទឹកដីកម្ពុជា៖

ថ្ងៃទី០៣ ខែកក្កដា ឆ្នាំដដែល ការប្រកួតជើងទី២ រវាងក្រុមទាំងពីរធ្វើឡើងជាការប្ដូរជើងត្រលប់ទៅទឹកដីឡាវ វិញ។ លទ្ធផលដែលមិនគួរឲ្យជឿ ត្រឹមតែ៣៥នាទី ឡាវ បានរកគ្រាប់បាល់បាន ២គ្រាប់ ប៉ុន្តែនៅចុងវគ្គទី១ កម្ពុជា សងវិញបាន១គ្រាប់ ដែលធ្វើបានសម្រេចដោយកីឡាករ ឈិន ឈឿន។ ចូលវគ្គទី២ បានតែ១នាទី ឡាវ បានបើកការនាំមុខសារជាថ្មី ដែលជាគ្រាប់ទី៣ មុននឹង ៩នាទីបន្ទាប់រកគ្រាប់ទី៤ ដែលស្ទើរតែធានាជ័យជម្នះ ប៉ុន្តែមិនទាន់នៅឡើយ គួច សុកុម្ភៈ បានរកគ្រាប់បាល់ទី២ ឲ្យកម្ពុជា ដែលជាគ្រាប់ចុងក្រោយក្នុងការប្រកួតរយៈពេល ៩០នាទីពេញ និងធ្វើឲ្យលទ្ធផលសរុបទាំង ២ជើង ស្មើគ្នា ៦ទល់៦ ដ្បិតឡាវ អាចរកគ្រាប់បាល់ក្រៅដីដល់ទៅ២គ្រាប់ នៅទឹកដីកម្ពុជា និងកម្ពុជា អាចរកគ្រាប់បាល់ក្រៅដីដល់ទៅ២គ្រាប់ នៅទឹកដីឡាវ។

ដូច្នេះការប្រកួតត្រូវឈានចូលដល់ការប្រកួតកាត់សេចក្ដីនៅម៉ោងបន្ថែម អ្វីៗត្រូវខកចិត្តសម្រាប់កម្ពុជា បន្ទាប់ពីម្ចាស់ផ្ទះបានរកគ្រាប់បាល់បន្ថែមដល់ទៅ ២គ្រាប់ ក្នុងរយៈពេលត្រឹមតែ ៩នាទី ហើយបានរក្សាលទ្ធផលដល់បញ្ចប់ការប្រកួត ឡាវ ឈ្នះ កម្ពុជា លទ្ធផលសរុបទាំង២ជើង ៨ទល់៦ ហើយឡាវ បានទទួលឱកាសឡើងទៅប្រកួតវគ្គជម្រុះ ជុំទី២។

ទស្សនាការប្រកួតជើងទី២ នៅទឹកដីឡាវ៖

ជាថ្មីផងដែរ វគ្គជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) វាងកម្ពុជា ជាមួយនឹង ប៉ាគីស្ថាន ជើងទី១ គឺកម្ពុជា ឈ្នះ ២ទល់០។ លទ្ធផល នេះកម្ពុជា មានគុណសម្បត្តិខ្លះដោយរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ ហើយអាចរកគ្រាប់បាល់បាន ២គ្រាប់ ដូច្នេះទោះបីជាយប់នេះ កម្ពុជា ចាញ់ ១ទល់០ ក៏អាចមានឱកាសឡើងទៅវគ្គបន្តបានដែរ ខណៈប៉ាគីស្ថាន ត្រូវការឈ្នះ កម្ពុជា ដាច់ខាត ៣គ្រាប់ឡើងទៅ ហើយត្រូវតែរារាំងមិនឲ្យរបូតគ្រាប់បាល់ថែមទៀតផងដែរ។

សូមបញ្ជាក់ជាថ្មីថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលគ្រោងធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា វេលាម៉ោង១១:០០ នាទីយប់នេះ ( ម៉ោងនៅកម្ពុជា )៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់